ភ្នំពេញៈ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តហាយប្រ៊ីដក្នុងល្បឿនយ៉ាងលឿន ទៅបុករថយន្តហាយឡែនឌ័រ កំពុងបត់ពេញទំហឹងចំពីចំហៀងបណ្តាលឲ្យរងការខូចខាតទាំងសងខាង ប៉ុន្តែសំណាងល្អមិនមានអ្នករងរបួស ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចមុខធនាគារ FTB (ផ្លូវភ្លោះកាណាឌីយ៉ា) តាមបណ្តោយផ្លូវ១១៤ កែងនឹងផ្លូវលេខ៥៣ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីអ្នកដែលបានឃើញហេតុការណ៍ខាងលើនេះបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តហាយប្រ៊ីដ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-6748 បើកតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន ដោយម្ចាស់ទំនងជាស្រវឹងស្រា ពេលមកដល់កន្លែងកើតហេតុស្រាប់តែមានរថយន្តហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2W-7691 បើកតាមបណ្តោយផ្លូវលេខ៥៣ ទិសដៅពីត្បូងទៅជើងហើយបានបត់ស្តាំ ខណៈកំពុងបត់ស្រាប់តែរថយន្តហាយប្រ៊ីដ បុកចំពីចំហៀងពេញទំហឹង បណ្តាលឲ្យរថយន្តទាំង២រងការខូចខាតយ៉ាងដំណំ សំណាងល្អមិនមានអ្នករងរបួស។
បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុដើម្បីធ្វើការវាស់វែង ប៉ុន្តែដោយសារតែភាគីម្ចាស់រថយន្តទាំងសងខាង បានធ្វើការសម្របសម្រួលគ្នា ដោយខាងរថយន្តហាយប្រ៊ីដ យករថយន្តហាយឡែនឌ័រ ទៅជួសជុលឲ្យវិញ ហើយភាគីម្ខាងទៀតក៏យល់ព្រមដើម្បីបញ្ចប់រឿងមិនរំខានដល់សមត្ថកិច្ចនោះឡើយ ៕
មតិយោបល់