ព័ត៌មានជាតិ

រថយន្តធន់ធំ នៅតែមានសកម្មភាពចេញចូលក្នុងក្រុងព្រៃវែងបានដោយសេរី!

ព្រៃវែងៈ បើទោះបីជាមានការខិតខំប្រឹងប្រែងពីសំណាក់លោក លាភ ភារុណ អភិបាលក្រុងព្រៃវែង និងមន្ត្រីក្រោមឱវាទពាក់ព័ន្ធយ៉ាងណាក៏ដោយ តែភាពអវិជ្ជមាននៅតែមានកើតឡើយដដែលៗ ខណៈរាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំ បានសម្រេចបង្កើតផ្លូវកៅស៊ូយ៉ាងថ្មីស្រឡាងនាខាងកើតក្រុង សម្រាប់ឲ្យរថយន្តធន់ធំចរាចរណ៍វាងក្រុងមិនឲ្យចូលក្រុង គឺមានផលប៉ះពាល់ច្រើន។

ផ្ទុយទៅវិញរាល់ថ្ងៃនេះគេសង្កេតឃើញរថយន្តធន់ធំ ស្ទើរគ្រប់ប្រភេទមានដូចជារថយន្ត ដឹកទំនិញ ដឹកដែក ដឹកដី។ល។ គឺកំពុងមានសកម្មភាពធ្វើចរាចរណ៍បានដោយរលូនសឹងតែរាល់ថ្ងៃដែលបណ្តាលឲ្យប្រេះផ្លូវ ទើសនេះទើសនោះ ឬស្ទះផ្លូវពិបាកបត់បែន ព្រោះតែនៅក្នុងក្រុងមានលក្ខណៈចង្អៀតមិនដូចជានៅជនបទ។ ហើយរហូតមកទល់នឹងពេលនេះ ពលរដ្ឋកំពុងតែរង់ចាំមើលអាជ្ញាធរ ក្រុងចាត់វិធានការឲ្យបានច្បាស់លាស់ទៅលើរថយន្តធន់យក្សដែលចូលក្រុងគឺងាយនិងបាក់ស្រុតផ្លូវដែលជាប្រយោជន៍សាធារណៈ ប៉ុន្តែជាលទ្ធផលវិធានការរបស់អាជ្ញាធរគ្របដណ្តប់បានតែលើក្រុមរថយន្តមួយចំនួនតែប៉ុណ្ណោះ ចំណែកចំនួនទៀតនៅតែបន្តសកម្មភាពចូលក្រុងដដែល ។

ឆ្លើយតបនឹងបញ្ហានេះដែរ លោក ឯក ចិន្តា ចៅសង្កាត់កំពង់លាវ បានឲ្យដឹងថា កន្លងមកមានរថយន្តដឹកដីចូលក្រុងជាច្រើនមែនធ្វើឲ្យខូចខាតផ្លូវជាច្រើនកន្លែងទាំងផ្លូវបេតុងនិងផ្លូវកៅស៊ូ ហើយអាជ្ញាធរយើងបានកោះហៅម្ចាស់រថយន្តមកធ្វើការអប់រំម្ដងជាពីដងហើយ តែបច្ចុប្បន្ននេះនៅមានតែឈ្លៀតចូលមួយៗ ដោយសារ តែមានឃ្លាំងស្រូវ ដេប៉ូលក់ ខ្សាច់ ថ្ម ស៊ីម៉ង់ មានជាច្រើនកន្លែងនៅក្នុងក្រុងព្រៃវែងយើងនេះ ។លោកបន្តថា បើតាមច្បាប់វិញគឺមិនអនុញ្ញាតឲ្យរថយន្តធន់ធ្ងន់ចូលក្រុងឡើយ បើសិនជាចាប់វិញច្បាស់ជាមានបញ្ហាមិនខាន។

ដោយឡែកលោក តេង អនុប្រធាន មន្ទីរសាធារណៈការនិង ដឹកជញ្ចូន ខេត្តព្រៃវែង បានបញ្ជាក់ថា សម្រាប់ផ្លូវបេតុងវិញគឺអនុញ្ញាតឲ្យរថយន្តដឹកទំនិញបើកកាត់បានទម្ងន់ត្រឹមតែ១៥តោន តែប៉ុណ្ណោះ ។

ប៉ុន្តែបើក្រលេកមើល ក្នុងរូបនេះខាងក្រោមនេះវិញ រថយន្តយីឌុបភ្លៅ៥ដឹកស្រូវពូជនេះ បើសរុបទាំងសំបកនិងចំនួនផ្ទុក មិនក្រោម៤០តោនឡើយ ហេតុនេះជាអាជ្ញាធរ មិនគួរបណ្តែតបណ្តោយឲ្យចូលក្រុងទៀតនោះទេ ម្យ៉ាងទៀតដោយសារតែរដូវនេះជារដូវវស្សាផ្លូវមានលក្ខណៈសើម ហើយរីកមិនសូវទ្រទ្រង់ទម្ងន់ប៉ុន្មានឡើយ ដល់ពេលរថយន្តធំបើកពីលើគឺ ងាយនិងខូចខាតខ្លាំងណាស់ ។

ប្រជាពលរដ្ឋជាច្រើននាក់បានខកចិត្តនិងសកម្មភាពទាំងនេះ ព្រោះថាផ្លូវបេតុងទម្រាំតែបានធ្វើហើយមួយខ្សែៗត្រូវចំណាយថវិកាជាតិអស់ច្រើនណាស់មិនគួរ ព្រោះតែប្រយោជន៍បុគ្គលប៉ុន្មាននាក់ ធ្វើឲ្យខូចប្រយោជន៍រួមនោះទេ៕

រថយន្តធន់ធំរថយន្តធន់ធំ

មតិយោបល់