ព័ត៌មានជាតិ

Update៖ បងលាអូនរហូតហើយ គ្មានថ្ងៃត្រលប់! មកភ្នំពេញជួបអកុសល…

ភ្នំពេញៈ ​បុរសម៉ៅការសំណង់ម្នាក់ ដោយសារតែនឹករលឹកប្រពន្ធពេក ក៏ធ្វើដំណើរចេញពីខេត្តព្រៃវែង ដើម្បីមកជួបមុខប្រពន្ធនៅឯភ្នំពេញ តែបែរជាជួបគ្រោះអកុសលស្លាប់យ៉ាងអាណោចអាធម័។

ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលា ម៉ោង៨យប់ថ្ងៃទី១៦​ ខែមិនា ឆ្នាំ២០១៩​ នៅចំណុចខាងលិច ប្រហែល១០០ម៉ែត្រពីបុរីប៉េង ហួត តាមបណ្តោយផ្លូវជាតិ លេខ១​ សង្កាត់និរោធ​ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនរងគ្រោះ (សព)ឈ្មោះ គួង សៅ​ ភេទប្រុស អាយុ២៩ឆ្នាំ​ ជនជាតិខ្មែរ មុខរបរមេកាសំណង់​ មានស្រុកកំណើតនៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។ មានប្រពន្ធឈ្មោះ ស្រី ណែត អាយុ២៥ឆ្នាំង ជនជាតិខ្មែរ មុខរបរធ្វើការរោងចក្រ ស្នាក់នៅបន្ទប់ជួលជិតរោងចក្រកាណារិយ៉ា រៀបការបាន ៣ឆ្នាំ មិនទាន់មានកូន មានស្រុកកំណើតភូមិតាប៉រ ឃុំទ្រា ស្រុកមេម៉ត់ ខេត្តត្បូងឃុំ។

តាមប្រភពព័ត៌មានពីបុរសម្នាក់លក់ស្បែកជើង នៅកន្លែងកើតហេតុ បានឲ្យដឹងថា​ មុនពេលកើតហេតុ គាត់បានឃើញបុរសម្នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1FF 3698​ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចក់តហេតុ ក៏បានវ៉ាជែងកង់បីឥណ្ឌាមួយគ្រឿង ធ្វើដំណើរស្របទិសគ្នា ជាមួយរថយន្ត HYUNDAI ពណ៌ ទឹកក្រូច ក្បាលរថយន្តពាក់ស្លាកលេខភ្នំពេញ3D 4607 សណ្តោងរ៉ឺម៉កខាងក្រោយ ពាក់ស្លាកលេខ ព្រះសីហនុ4A 1726 តែមិនផុតក៏ទាក់ដៃចង្កូត បណ្តាលឲ្យដួលចូលក្រោមកង់រថយន្ត កិនស្លាប់ភ្លាមៗ​ ហើយរថយន្តបើកបានប្រហែល១០០ម៉ែត្រ ទើបឈប់តៃកុងចុះរត់បាត់។ ចំណែកឯម៉ូតូកង់បីឥណ្ឌា បានបើករត់បាត់ស្រមោលដែល។

បន្ទាន់ពីខាងគ្រួសារទទួលដំណឹងនេះភ្លាម ប្រពន្ធជនរងគ្រោះ បានមកដល់កន្លែងកើតហេតុ យំស្រែកធ្វើឲ្យអ្នកឈរមើល ទាំងទឹកភ្នែករលីងរលោងសង្វែគដល់រូបគាត់ ណាស់។ តាមសម្ដីប្រពន្ធជនរងគ្រោះ បានរៀបរាប់ថា ប្តីរបស់គាត់ បានម៉ៅការសំណង់នៅ ខេត្តព្រៃវែង ២អាទិត្យ ទើបមកជួបគាត់ម្តង ស្រាប់តែមកជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់យ៉ាងអាណោចអាធម៌។

ក្រោយកើតហេតុ សមត្ថកិច្ចចុះមកដល់ចំណុចកើតហេតុ ធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំម្ចាស់រថយន្តចូលខ្លួនដោះស្រាយតាមច្បាប់ ចំណែកសព បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

មតិយោបល់