បរទេសៈ មនុស្សភាគច្រើនមិនសូវអើពើនឹងរោគសញ្ញាដែលកើតមានឡើងនៅលើផ្ទៃមុខនោះឡើយ។ ក៏ប៉ុន្តែរោគសញ្ញាទាំងនោះ អាចបញ្ជាក់ពីអាការៈជំងឺមួយចំនួន ដែលមនុស្សគ្រប់រូបត្រូវតែប្រុងប្រយ័ត្ន។ បើមិនដូច្នោះទេ អ្នកអាចនឹងមានបញ្ហាកាន់តែធ្ងន់ធ្ងរ ហើយអាចនឹងហួសពេលក្នុងការព្យាបាល។
បបូរមាត់ប្រេះ
ជាទូទៅការប្រេះបបូរមាត់អាចបណ្តោលមកពីអាកាសធាតុប្រែប្រួល ប៉ុន្តែប្រសិនបើប្រេះនៅគែមទាំងសងខាង គឺជាសញ្ញានៃកង្វះវីតាមីន B12។ កង្វះវីតាមីនមួយនេះអាចមានបញ្ហាដល់សុខភាព ជាពិសេសជំងឺខ្វះឈាម។
ដូច្នេះប្រសិនបើបបូរមាត់ប្រេះ អ្នកត្រូវទទួលទានអាហារដែលសម្បូរវីតាមីន B12 ឬពិគ្រោះជាមួយគ្រូពេទ្យដើម្បីទទួលបានដំណោះស្រាយ។
ការប្រែប្រួលនៅលើផ្ទៃមុខ
ប្រសិនបើអ្នកមានអារម្មណ៍ថា ស្ពឹកមុខមួយចំហៀង, ពិបាកញញឹម ឬនិយាយ អាចជាសញ្ញាដំបូងនៃជំងឺដាច់សរសៃឈាមខួរក្បាល។ ហេតុដូច្នេះអ្នកត្រូវពិនិត្យសុខភាពជាបន្ទាន់ ដើម្បីទប់ស្កាត់ជំងឺទាន់ពេលវេលា។
ធ្លាក់ត្របកភ្នែក
មានមូលេហតុជាច្រើនដែលបណ្តោលឲ្យធ្លាក់ត្របកភ្នែក ដូចជាភាពតានតឹង, ជំងឺដាច់សរសៃឈាមខួរក្បាល ឬមហារីកសួត។
សញ្ញាកាន់តែច្បាស់ជាងនេះទៅទៀត គឺស្រកទម្ងន់, ក្អក និងឈឺដើមទ្រូង។ ចំណែកឯ ការអានសៀវភៅក្រោមពន្លឺស្រអាប់, ធ្វើការជាមួយកុំព្យូទ័រយូរពេក ឬពាក់កែវភ្នែកសប្បនិម្មិត ក៏ជាដើមហេតុនៃការធ្លាក់ត្របកភ្នែកដែរ។
មានស្នាមឈាមនៅក្នុងភ្នែក
ស្នាមឈាមដែលតក់ជាប់នៅក្នុងភ្នែក ជាតម្រុយដំបូងបំផុតនៃជំងឺទឹកនោមផ្អែមប្រភេទទី ២។ នៅពេលដែលកម្រិតជាតិស្ករក្នុងឈាមប្រមូលផ្តុំច្រើនពេក អាចរាំងស្ទះដល់សរសៃឈាម និងហើម ដែលបណ្តោលឲ្យសរសៃឈាមតូចៗរហែកទើបលេចស្នាមជាំឈាមឡើង។
ក្នុងលក្ខខណ្ឌដែលអ្នកមិនបានព្យាបាលឲ្យបានឆាប់ទេនោះ ភ្នែកនឹងមានបញ្ហា ហើយបើធ្ងន់ធ្ងរអាចខ្វាក់តែម្តង។
ថ្ពាល់ពណ៌ស្វាយ
ចំណុចនេះបង្ហាញថា កម្រិតអុកស៊ីសែននៅក្នុងឈាមមានកម្រិតទាប។ អ្នកជំនាញមកពីសាកលវិទ្យាល័យ Manchester បាននិយាយថា ការដាក់សម្ពាធសរសៃឈាមដែលផ្គត់ផ្គងទៅសួតនឹងកើនឡើង ព្រោះអុកស៊ីសែនក្នុងឈាមដែលត្រូវចរាចរជុំវិញរាងកាយមិនគ្រប់គ្រាន់។
កម្រិតអុកស៊ីសែនទាប នៅក្នុងឈាមអាចនាំឲ្យមានជំងឺសួតរ៉ាំរ៉ៃ និងជំងឺបេះដូង។
បបូរមាត់ពណ៌លឿង
ដោយសារតែជំងឺថ្លើម អាចធ្វើឲ្យសម្បុរស្បែក និងបបូរមាត់របស់អ្នកប្រែលក្លាយទៅជាពណ៌លឿង។ ប្រសិនអ្នកសម្គាល់ឃើញរោគសញ្ញាបែបនេះភ្លាម គួរតែប្រញាប់ទៅជួបគ្រូពេទ្យដើម្បីពិនិត្យមើលមុខងារថ្លើមឲ្យបានត្រឹមត្រូវ។
បបូរមាត់ពណ៌ខ្មៅ
បបូរមាត់ប្រែជាពណ៌ខ្មៅ អ្នកអាចប្រឈមមុខនឹងបញ្ហាថ្លើម, តម្រងនោម និងថង់ទឹកប្រមាត់។ លើសពីនេះទៅទៀតប្រសិនបើ បបូរមាត់របស់អ្នកពណ៌ស្វាយវិញ អាចជាសញ្ញានៃជំងឺបេះដូង។ តែបើពណ៌ស្វាយតែគែងនៃបបូរមាត់ អ្នកអាចទទួលរងពីជំងឺក្រពះ៕
មតិយោបល់