ភ្នំពេញៈ កម្មករសំណង់ម្នាក់ កំពុងឈរនៅខាងធ្វើការខាងក្រោម ត្រូវម៉ូទ័រយោងសម្ភារៈ ដាច់ខ្សែធ្លាក់ចំក្បាល បណ្តាលឲ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មក្នុងមួយប៉ប្រិចភ្នែក។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅក្នុងការដ្ឋានសំណង់ផ្ទះល្វែងគ្មានលេខ ផ្លូវបេតុង ភូមិឫស្សីស្រស់ សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចដែលចុះទៅធ្វើការពិនិត្យដល់កន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវម៉ូទ័រដាច់ធ្លាក់ចំក្បាលរហូតដល់ស្លាប់នេះ មានឈ្មោះ ចាន់ ខេង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅទីតាំងកើតហេតុ។
ប្រភពព័ត៌មានពីកម្មករដែលធ្វើការជាមួយជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះបានរៀបចំបាវស៊ីម៉ង់ត៍ ចងភ្ជាប់និងខ្សែម៉ូទ័រ ដើម្បីយោងឡើងទៅជាន់ទី៣ រួចក៏មានកម្មករផ្សេងទៀតចុចម៉ូទ័រយោងឡើង ខណៈដែលយោងដល់ជាន់ទី១ ស្រាប់តែបាក់ដាច់ទឹកអន្សារធ្លាក់ម៉ូទ័រចុះមកត្រូវចំក្បាលជនរងគ្រោះ បណ្តាលឲ្យធ្លាយខួរស្លាប់ភ្លាមនៅកន្លែងកើតហេតុក្នុងមួយប៉ប្រិចភ្នែកយ៉ាងរន្ធត់ជាទីបំផុត។
បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចនគរបាលមូលដ្ឋាន សហការជាមួយនិងនគរបាលជំនាញផ្នែកកោសល្យវិច័យចុះមកធ្វើការពិនិត្យសាកសពដល់កន្លែងកើតហេតុ បានឲ្យដឹងថា សាកសពជនរងគ្រោះពិតជាស្លាប់ដោយសារតែធ្លាក់ម៉ូទ័រចំក្បាល បណ្តាលឲ្យធ្លាយខួរស្លាប់ពិតប្រាកដមែន។ ពិនិត្យចប់សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់