ព័ត៌មានជាតិ

ផ្លូវលំ១ខ្សែរងការខូចខាតដោយជំនន់ ពលរដ្ឋចោទថាមកពីក្រុមហ៊ុនចិនធ្វើប្រព័ន្ធធារាសាស្ត្រគ្មានបច្ចេកទេស

កំពង់ធំៈ កំណាត់ផ្លូវលំ១ខ្សែប្រមាណជាង១០០០ម៉ែត្រ និងលំនៅឋានប្រជាពលរដ្ឋ ស្ថិតនៅភូមិត្រពាំងជ័រ ឃុំចំណាលើ ស្រុកស្ទោងខេត្តកំពង់ធំ រងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារតែទឹកជំនន់ប្រជាពលរដ្ឋចោទថា បណ្ដាលមកពីក្រុមហ៊ុនចិនអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រដោយមិនមានបច្ចេកទេស ទុកផ្លូវទឹកគ្រប់គ្រាន់សម្រាប់រំដោះទឹកជំនន់។

ប្រជាពលរដ្ឋ បានលើកឡើងបែបនេះនៅខណៈដែលអភិបាលរងខេត្តកំពង់ធំ លោក គង់ វិមាន បានចុះទៅពិនិត្យស្ថានភាពទឹកជំនន់កាត់ផ្ដាច់ផ្លូវលំនោះ និងលំនៅឋានប្រជាពលរដ្ឋរួមទាំងសួរសុខទុក្ខប្រជាពលរដ្ឋផងនោះ។

ជាមួយគ្នានេះ លោក ហាត សារ៉ែន មេភូមិត្រពាំងជ័របានឲ្យដឹងថា ការអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្ររបស់ក្រុមហ៊ុនចិន គឺធ្វើប្រព័ន្ធប្រឡាយទឹកដោយដាក់លូតូចៗ ហើយឆ្ងាយៗពីគ្នា មិនអាចរំដោះទឹកឲ្យទាន់ពេលវេលា ជាហេតុបង្កឲ្យទឹកជំនន់ បុកផ្ដាច់កំណាត់ផ្លូវលំ១ខ្សែ និងលំនៅឋានប្រជាពលរដ្ឋតែម្ដង។ លោកមេភូមិ បន្តថា ផ្លូវ១ខ្សែនេះ មានប្រជាពលរដ្ឋចំនួន៤ភូមិ រួមមានភូមិត្រពាំងជ័រ ភូមិក្អិន ភូមិស្រង់ និងភូមិខ្មាក់ កំពុងជួបការលំបាកធ្វើដំណើរឆ្លងកាត់។ លោកបានបន្តថា ពេលនេះ ស្ថានភាពទឹកជំនន់បានស្រកបន្តិច ប៉ុន្តែប្រសិនបើភ្លៀងនៅបន្តធ្លាក់ទៀត ទឹកអាចជន់ឡើង មានរយៈពេលលើសពី១០ថ្ងៃនោះ ស្រូវរបស់ប្រជាកសិករ ជាង ៤០០ហិចតា អាចនឹងទទួលរងការខូចខាត។

ប្រជាពលរដ្ឋឈ្មោះ ប្រុក អូន ភេទស្រី ដែលកំពុងថែទាំក្របីនៅក្នុងទឹក ក្នុងបរិវេណលំនៅឋានគាត់ បានប្រាប់អ្នកសារព័ត៌មានថា ទឹកជំនន់ ជន់លិចដីភូមិ និងផ្លូវលំក្នុងភូមិរបស់ គាត់នេះ គឺជាង១ខែ តាំងពីមុនបុណ្យភ្ជុំមកម្ល៉េះ គឺទឹកហូរពីលើ និងភ្លៀងផ្ទួនៗ នៅភូមិរបស់គាត់ ហើយរៀងរាល់ឆ្នាំដីភូមិ និងផ្លូវលំក្នុងភូមិរបស់គាត់ មិនដែលលិចនោះទេ។ ឯប្រជាពលរដ្ឋជាទូទៅនៅភូមិត្រពាំងជ័រនេះ សុទ្ធតែបាននិយាយថា ជារៀងរាល់ឆ្នាំ មុនពេលដែលក្រុមហ៊ុនចិនមកអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រនេះ គឺភូមិ ផ្លូវ និងស្រូវរបស់ពួកគាត់ មិន ដែលលង់លិច ដោយទឹកជំនន់នោះទេ។

នៅក្នុងដំណើរចុះពិនិត្យស្ថានភាពទឹកជំនន់ លោក គង់ វិមាន បានប្រសាសន៍ឆ្លើយតបនឹងប្រជាពលរដ្ឋថា ជុំវិញបញ្ហា ផលប៉ះពាល់ និងរងការខូចខាត ខាងលើនេះ លោក នឹងពាំនាំសំណូមពរ របស់ប្រជាពលរដ្ឋទៅរាយការណ៍ ជូនគណៈអភិបាល ខេត្ត ដើម្បីធ្វើការដោះស្រាយ ជាមួយក្រុមហ៊ុនចិន ក្នុងការអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ នៅតំបន់នេះ ដើម្បីកែសម្រួលពីផលប៉ះពាល់បន្តទៀត។ដោយឡែកនៅរដូវទឹកស្រកនេះ លោក នឹងចេញថវិកាផ្ទាល់ខ្លួន រួមជាមួយថវិកាស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋ នឹងកសាងផ្លូវនេះឡើងវិញដើម្បីជួយសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋឲ្យទាន់ពេលវេលា៕

ទឹកលិចទឹកលិចទឹកលិចទឹកលិចទឹកលិច

មតិយោបល់