ព័ត៌មានជាតិ

អ្នកជំនាញការមិនសាយភាយអាវុធរបស់កម្ពុជា អាមេរិក បើកសិក្ខាសាលាស្តីពីការការពារជាអន្តរជាតិលើអាវុធនុយក្លេអ៊ែរ

សិក្ខាសាលាអន្តរជាតិមួយស្តីពីការពារអាវុធនុយក្លេអ៊ែរ និងពិធីសារបន្ថែម (AP) ដែលឧបត្ថម្ភដោយ រដ្ឋបាលសន្តិសុខជាតិផ្នែកអាវុធនុយក្លេអ៊ែររបស់ក្រសួងថាមពលនៃសហរដ្ឋអាមេរិក (DOE/NNSA) បានត្រូវបិទបញ្ចប់នៅថ្ងៃនេះ នៅសណ្ឋាគារសាន់វ៉េ។ សិក្ខាសាលានោះត្រូវបានរៀបចំដោយក្រសួងរ៉ែ និងថាមពល កម្ពុជាហើយមានការចូលរួមរបស់ឯកឧត្តម បណ្ឌិត ចាន់ សូដាវត្ថ អគ្គនាយករងមកពីក្រសួងរ៉ែនិងថាមពល ព្រមទាំងតំណាងនៃក្រសួងថាមពលសហរដ្ឋអាមេរិក ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) និងស្ថានទូតសហរដ្ឋអាមេរិក នៅប្រទេសកម្ពុជា។

ដូចដែលត្រូវបានកត់សំគាល់ដោយលោកស្រី Anne Harrington អនុប្រធានផ្នែកទប់ស្កាត់ការសាយភាយនៃអាវុធនុយក្លេអ៊ែរ នៅក្នុង DOE/NNSA ថា “ជាយូរមកហើយ សហរដ្ឋអាមេរិកបានចាត់ទុកប្រព័ន្ធការពារជាអន្តរជាតិថាជាសសរស្តម្ភយ៉ាងសំខាន់នៃយុទ្ធសាស្ត្រនៃការការពារការសាយភាយនៃអាវុធនុយក្លេអ៊ែរ។

លោកប្រធានាធិបតី Obama បានថ្លែងបញ្ជាក់ម្តងទៀតនូវសារៈសំខាន់នៃការការពារ នៅក្នុងសុន្ទរកថារបស់លោក កាលពីឆ្នាំ ២០០៩ នៅទីក្រុង Prague ដោយនៅពេលនោះ លោកបានអំពាវនាវឲ្យមាន “ធនធាននិងអំណាចបន្ថែមទៀត” សំរាប់ការធ្វើអធិការកិច្ចជាអន្តរជាតិ។ DOE/NNSA ធ្វើសហប្រតិបត្តិការជាមួយប្រទេសចំនួនជាង ៣០ ទាក់ទងនឹងរឿងនេះ ដោយបានជួយអាជ្ញាធរតំបន់និងរដ្ឋក្នុងការបង្កើតប្រព័ន្ធដែលមានប្រសិទ្ធភាព ក្នុងការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ”។

នៅក្នុងសិក្ខសាលា អ្នកឯកទេសមកពី DOE/NNSA និងទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានធ្វើបទបង្ហាញ ហើយបានធ្វើការពិភាក្សាគ្នា ដើម្បីផ្តល់ឲ្យសិក្ខាកាមនូវព័ត៌មានសំរាប់រៀបចំសេចក្តីប្រកាសស្តីពីការការពារអាវុធនុយក្លេអ៊ែរជាអន្តរជាតិ ដែលជាវិធានការបច្ចេកទេសអនុវត្តដោយទីភ្នាក់ងារ IAEA ដើម្បីបញ្ជាក់ថា សារធាតុនុយក្លេអ៊ែររបស់ប្រទេសមួយគ្មានបាត់ ហើយមិនត្រូវបានបង្វែរសំរាប់សកម្មភាពមិនសន្តិភាព។

ការពិភាក្សានៅក្នុងនោះក៏ទាក់ទងផងដែរទៅលើវិធីអនុវត្តពិធីសារបន្ថែម (AP) និងវិធានការការពារអាវុធនុយក្លេអ៊ែរជាអន្តរជាតិដោយស្ម័គ្រចិត្តបន្ថែមទៀត ដែលផ្តល់ឲ្យ IAEA នូវសិទ្ធិកាន់តែច្រើនឡើងក្នុងការទទួលបានព័ត៌មាន និងចូលដល់ទីតាំងនានា និងការត្រួតមើលជារួម ទៅលើលទ្ធភាពបែបនេះបន្ថែមទៀត ដែលជាផ្នែកសំខាន់មួយនៃ AP ។

នៅក្នុងសុន្ទរកថាបិទ លោក Samuel Downing មន្ត្រីផ្នែកនយោបាយរបស់ស្ថានទូតអាមេរិក បានសរសើរប្រទេសកម្ពុជា ដែលបានដាក់ឲ្យ AP ចូលជាធរមាន នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៥ ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការមិនសាយភាយនៃអាវុធនុយក្លេអ៊ែរ។

លោកថែមទាំងបានកត់សំគាល់សារៈសំខាន់នៃការបន្តការងារលើរឿងនេះ ពីព្រោះវារួមចំណែកដល់ការយល់ដឹងលើសមាសភាគបច្ចេកទេសនៃ AP ដែលអាចជួយដល់ការអនុវត្តរបស់ប្រទេសកម្ពុជា។

ការធ្វើឲ្យ AP ចូលជាធរមានគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសំរាប់រដ្ឋជាសមាជិកនៃ IAEA ហើយសិក្ខាសាលាបានផ្តោតការយកចិត្តទុកដាក់ទៅលើការជួយរបស់ AP ដើម្បីធានាថា សូម្បីតែរដ្ឋ ដូចជាប្រទេសកម្ពុជា ដែលមានសារធាតុនុយក្លេអ៊ែរតិចតួច ក៏ត្រូវមានហេដ្ឋារចនាសម្ព័ន្ធ និងសមត្ថភាពទ្រទ្រង់ដល់ការការពារ ដើម្បីបំពេញការទទួលខុសត្រូវរបស់គេដែរ។មកដល់ពេលនេះ មានប្រទេសចំនួន ១៤៧ ហើយដែលបានចុះហត្ថលេខាលើ AP ហើយ ១២៦ ប្រទេសក្នុងចំណោមប្រទេសទាំងនោះ បានដាក់ឲ្យ AP ចូលជាធរមាន។

ដោយត្រូវបានបង្កើតឡើងដោយសភាសហរដ្ឋអាមេរិកនៅឆ្នាំ ២០០០ NNSA គឺជាទីភ្នាក់ងារពាក់កណ្តាលស្វយ័តនៅក្នុងក្រសួងថាមពលសហរដ្ឋអាមេរិក ដែលទទួលខុសត្រូវលើការលើកកំពស់សន្តិសុខជាតិ តាមរយៈការអនុវត្តរបស់ផ្នែកយោធាលើវិទ្យាសាស្ត្រនុយក្លេអ៊ែរ។ NNSA ថែរក្សាសុវត្ថិភាព សន្តិសុខ និងប្រសិទ្ធភាពនៃអាវុធនុយក្លេអ៊ែរដែលនៅក្នុងឃ្លាំងរបស់សហរដ្ឋអាមេរិក ដោយមិនធ្វើការបំផ្ទុះសាកល្បងនៃអាវុធនុយក្លេអ៊ែរ ធ្វើការដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់សាកលលោកពីអាវុធប្រល័យលោកនេះ ផ្តល់ឲ្យកំលាំងជើងទឹកអាមេរិកកំលាំងនូវថាមពលនុយក្លេអ៊ែរសំរាប់រុញស្លាបចក្រនាវា ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព ហើយឆ្លើយតបនឹងគ្រាអាសន្ននុយក្លេអ៊ែរ និងដែលមានធ្លាយវិទ្យុសកម្ម នៅសហរដ្ឋអាមេរិក និងនៅបរទេស។ បើចង់ដឹងបន្ថែមសូមចូលមើលគេហទំព័រ www.nnsa.energy.gov៕

usambassy280416

មតិយោបល់