បន្ទាយមានជ័យៈ ការចុះត្រួតពិនិត្យការដាក់លក់សាច់សត្វនៅផ្សារចំនួន២ ក្នុងក្រុងប៉ោយប៉ែត របស់មន្ត្រីការិយាល័យបសុពេទ្យខេត្តបន្ទាយមានជ័យ បានរកឃើញការដាក់តាំងលក់សាច់សត្វតិចតួច ដែលគ្មានប្រភពច្បាស់លាស់ តែមួយចំនួនធំមានការត្រួតពិនិត្យត្រឹមត្រូវ មានគុណភាពល្អពីភ្នាក់ងារបសុពេទ្យដែលប្រចាំការនៅក្នុងសត្តឃាតដ្ឋាន ។
ប្រតិបត្តិការនេះ ធ្វើកាលពីថ្ងៃទី១៣ តុលា ២០១៦ ដឹកនាំដោយលោក ហ៊ុយ ទូច ប្រធានការិយាល័យបសុពេទ្យ ខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យ នៅតាមទីផ្សារចំនួនពីរ គឺផ្សាររ៉ានិង ផ្សារត្រីកណ្តាល ក្រុងប៉ោយប៉ែត។ តាមការណែនាំពីនាយកដ្ឋានជំនាញ និងលោកប្រធានមន្ទីរកសិកម្ម ដើម្បីធានាឲ្យបាន ការលក់ដូរសាច់សត្វតាមទីផ្សារ មានការត្រួតពិនិត្យ មានត្រាបោះសម្គាល់ ថាសាច់សត្វ នោះមានគុណភាពល្អ មិនមានជម្ងឺឆ្លង និងមិនមានការពិឃាថក្រៅទីសត្វឃាត ។ ការចុះត្រួតពិនិត្យនេះមន្ត្រីជំនាញ បានរកឃើញការដាក់តាំងលក់សាច់សត្វ ដែលគ្មានប្រភពច្បាស់លាស់ចំនួន៦តូប ដោយក្នុងផ្សាររ៉ាចំនួន ២តូប និង ផ្សារត្រីចំនួន ៤តូប ត្រូវបានធ្វើការអប់រំ-ណែនាំ និង ចុះកិច្ចសន្យាបញ្ឈប់ការតាំងលក់ នូវផលិតផលមានដើមកំណើតពីសត្វដែលគ្មានប្រភពច្បាស់លាស់តែសាច់ទាំងនោះមិនខូចគុណភាពឡើយ ។
លោក ហ៊ុយ ទូច បានអំពាវនាវដល់ អាជីវករ លក់សាច់សត្វទាំងអស់ មិនត្រូវទិញសាច់សត្វយកមកលក់ ដែលមិនមានការបោះត្រាសម្គាល់ពីមន្ត្រីពេទ្យសត្វឡើយ ហើយសូមកុំពិឃាដ សត្វក្រៅទីសត្វឃាត ដែលមិនមានការត្រួតពិនិត្យ ដែលវាអាចបង្ករឲ្យមានជម្ងឺឆ្លង ពីសត្វមកមនុស្ស ។ ព្រោះថា បច្ចុប្បន្ន មានជម្ងឺជាច្រើនបានផ្ទុះឡើងលើសត្វ ហើយរាលដាលឆ្លងមកមនុស្ស ដូចជា ជម្ងឺគ្រុនផ្តាសាយបក្សីជាដើម ៕
មតិយោបល់