ភ្នំពេញៈ បុរសចំណាស់ម្នាក់បានជួសជុលផ្ទះខ្លួនឯង ហើយហៅប្រពន្ធឲ្យជួយដាក់ជណ្តើរដែកពីជាន់ទី៣ តាមខ្សែយោងក៏ដាច់ខ្សែជណ្តើរធ្លាក់ទាំងជណ្តើរ ធ្លាក់ទាំងមនុស្សបោកក្បាល ស្លាប់ភ្លាមៗយ៉ាងអាណោចអាធម៌។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង កាលពីម៉ោង១២និង៥០នាទី នៅចំណុចផ្ទះលេខ៣១ ក្រុម១៨ ភូមិ៣ ផ្លូវ២៦៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះមានឈ្មោះ ញឹម ហាន អាយុ៤៥ ឆ្នាំ មុខរបររត់ម៉ូតូឌុប បានធ្លាក់ពីលើជាន់ទី៣ បោកក្បាលស្លាប់ភ្លាមៗ និងប្រពន្ធឈ្មោះ នួន ស៊ីម អាយុ៤៥ឆ្នាំ មានកូនចំនួន៤នាក់ ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើត ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
តាមការរៀបរាប់របស់ប្រពន្ធជនរងគ្រោះបានឲ្យដឹងថា ប្តីគាត់បានទៅហៅគាត់ឲ្យមកជួយដាក់ជណ្តើរដែក ហើយគាត់បានឡើងទៅដល់ជាន់ទី១ ស្រាប់តែឮសម្លេងធ្លាក់ជណ្តើរប៉្រាវ ហើយគាត់ចេញមកមើលឃើញប្តីរបស់គាត់បានបោកក្បាលស្លាប់បាត់ទៅហើយ ។
ប្រភពពីកន្លែងកើតហេតុបានប្រាប់ថា គាត់បានជួសជុលផ្ទះខ្លួនឯង នៅជាន់ទី២ អស់រយៈពេលជាយូរមកហើយដោយឆ្លៀតធ្វើបន្តិចម្តងៗពេលទំនេរ។ ហើយនៅថ្ងៃកើតហេតុនេះ គាត់បានចងខ្សែពួរយោងជណ្តើរដែកដាក់ចុះមកខាងក្រោយមិនដឹងធ្វើអ្វីឡើយ ស្រាប់ឮសំលេងធ្លាក់បង្កការភ្ញាក់ផ្អើលដល់អ្នកជិត ខាងមើលឃើញជនរងគ្រោះ បោកក្បាលមានឈាមពេញដីស្លាប់ភ្លាមៗតែម្តង។
បច្ចុប្បន្នសពជនរងគ្រោះ កម្លាំងជំនាញធ្វើកោសល្យវិច្ឆ័យរួចបានប្រគល់ជូនក្រុមគ្រួសារដឹកតាមរថយន្តសាម៉ុយយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕
មតិយោបល់