ភ្នំពេញៈ ស្រ្តីម្នាក់បានឈឺពោះសម្រាលកូន ត្រូវប្ដីដឹកទៅកាន់មន្ទីរពេទ្យឯកជន ដើម្បីឲ្យគ្រូពេទ្យ(ឆ្មប)ជួយសម្រាល រហូតក្រោយមកសម្រាលបានកូនប្រុសមួយ ប៉ុន្តែអកុសលក្រោយពេលស្រ្តីរូបនោះសម្រាលរួច ក៏មានអាការៈធ្លាក់ឈាមច្រើនខ្លាំងពេក ហើយបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យជប៉ុន បានត្រឹមតែរយៈពេលមួយថ្ងៃស្រាប់តែស្លាប់បាត់។
ក្រោយពីប្រពន្ធបានស្លាប់ បុរសជាប្តីឈ្មោះ ឃុត ឡាំង អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ61 ភូមិត្រពាំងឈូក សង្កាត់និរោធន៍កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងែទី១៤ ខែតុលា ឆ្នាំ២០១៦ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ ដោយប្តឹងចោទប្រកាន់លើឈ្មោះ ចាន់ ថុល ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូពេទ្យផ្នែកឆ្មបនៅមណ្ឌលសុខភាព (បើកពេទ្យឯកជននៅផ្ទះគ្មានច្បាប់) សង្កាត់និរោធន៍ ផ្ទះលេខ55 ផ្លូវ369 ក្រុម15 ភូមិកណ្តាល សង្កាត់ច្បារអពៅ2 រាជធានីភ្នំពេញ។
បន្ទាប់ពីទទួលបានទទួលបានពាក្យបណ្ដឹងនៅម៉ោង៨ព្រឹកថ្ងៃ១៥ ខែតុលា ឆ្នាំ២០១៦ បានចុះទៅឃាត់គ្រូពេទ្យខាងលើ ដើម្បីធ្វើការសាកសួរ និងបញ្ជូនទៅអធិការចាត់ការបន្តបាននីតិវិធីច្បាប់។
សាកសពឈ្មោះ ពៅ ពេញ ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ផ្ទះលេខ61 ភូមិត្រពាំងឈូក សង្កាត់និរោធន៍។
ប្រភពពីប្ដីជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា កាលពីវេលាម៉ោង១និង៣០នាទីថ្ងៃ១៣ ខែតុលា ឆ្នាំ២០១៦ ប្រពន្ធរបស់គាត់គ្រប់ខែឈឺពោះឆ្លងទន្លេ គាត់ដឹកតាមម៉ូតូឌុបនាំមកពេទ្យឯកជន រហូតដល់ម៉ោង៥និង១៥នាទីល្ងាចថ្ងៃដដែល ទើបសម្រាលបានកូនប្រុស មួយ ប៉ុន្តែប្រពន្ធរបស់មានអាការៈធ្លាក់ឈាមច្រើន ក៏បានបញ្ជូនទៅពេទ្យជប៉ុន(នៅក្បែរវត្តភ្នំ) លុះដល់ម៉ោង៦និង៤០នាទីល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ស្រាប់តែប្រពន្ធរបស់គាត់បានដាច់ខ្យល់ស្លាប់ ហើយដឹកយកសពមកតម្កល់ទុកនៅវត្តនិរោធន៍៕
មតិយោបល់