ពោធិ៍សាត់ៈ កម្លាំងនគរបាលនៃអធិការដ្ឋានក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងប៉ុស្តិ៍ផ្ទះព្រៃរួមនឹងកម្លាំងកងរាជអាវុធហត្ថ ដឹងនាំដោយលោក ឡុង ជាប ព្រះរាជអជ្ញារងខេត្ត បានឆ្មក់ចូលសណ្ឋាគារមួយកន្លែងមានយីហោវិមានទិព្វ បង្ក្រាបបានជនជួញដូរគ្រឿងញៀនប្រុសស្រី២នាក់។ ប្រតិបត្តិការណ៍នេះ ធ្វើឡើងកាលពីវេលាម៉ោង១២និង៣៩នាទីថ្ងៃត្រង់ទី១៥ ខែតុលា ឆ្នាំ២០១៦ នៅចំណុចក្នុងសណ្ឋាគារវិមានទិព្វ បន្ទប់លេខ២០៥ ក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។
តាមការឲ្យដឹងពីសមត្ថកិច្ចនៃអធិការដ្ឋានក្រុងពោធិ៍សាត់មានឲ្យដឹងថា ក្នុងប្រតិបត្តិការណ៍នេះ កម្លាំងចម្រុះបានឃាត់ខ្លួនជនសង្ស័យ២នាក់ ទី១ឈ្មោះ ម៉ុល គឺមសេង ភេទប្រុស អាយុ២៩ឆ្នាំ ទីលំនៅមិនប្រាកដ ទី២ឈ្មោះ សៅ ស្រីនិច ភេទស្រី អាយុ២០ឆ្នាំ នៅភូមិដង្គារ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ក្រៅពីការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នេះ សមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួនរួមមាន ម្សៅក្រាមព៌ណស ទំងន់១១,០៦ ក្រាម ទូរសព្ទដៃ២គ្រឿង ថង់ច្រក១ចំនួន ដបសំរាប់ជក់១ ដែកកេះ២ និងសម្ភារះ១ចំនួនទៀត។
ជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់