ភ្នំពេញៈ សម្រាប់ថ្ងៃទី២នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំនេះ នៅភ្នំពេញមានមហាជនចូលរួមដើរកម្សាន្តប្រមាណពី៩០ទៅ១លាននាក់ លើសថ្ងៃទី១ ស្ទើរពាក់កណ្តាល ។ ដោយឡែកសម្រាប់បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ នៅក្នុងរាជធានីភ្នំពេញទាំងមូលក៏មានភាពល្អប្រសើរជាងបណ្តាឆ្នាំមុនៗផងដែរ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា សម្រាប់ថ្ងៃទី២នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុក ឆ្នាំនេះ បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ នៅក្នុងរាជធានីភ្នំពេញទាំងមូលមានភាពល្អប្រសើរជាងឆ្នាំមុនៗ ដែលឆ្នាំនេះអាចបាត់ទុកជាគំរូល្អ ជាពិសេសចំពោះផែនការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់តែម្តង ហើយចំពោះ មហាជនដែលបានមកចូលរួមដើរលេងកម្សាន្តសម្រាប់ថ្ងៃទី២នៃព្រះរាជពិធីនេះ មានចំនួននប្រមាណពី៩០ម៉ឺនទៅ១លាននាក់ កើនច្រើនជាងថ្ងៃទី១ ដែលនៅថ្ងៃទី១ មានប្រជាពលរដ្ឋចូលរួមដើរលេងកម្សាន្តប្រមាណពី៦០ទៅ៧ម៉ឺននាក់ប៉ុណ្ណោះ។
លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយសារប្រជាពលរដ្ឋមកចូលរួមកម្សាន្តសប្បាយយ៉ាងច្រើនកុះករបែបនេះ សំរាមក៏បានកើនឡើងទ្វេរដងផងដែរ សម្រាប់ថ្ងៃទី២នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនេះ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី កម្លាំងអង្គភាពសួនច្បារ និងរុក្ខជាតិនៃសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រតិបត្តិការបោសសម្អាតសំរាមទាំងនេះ នៅតាមសួនច្បារនានាមិនថាយប់ឬថ្ងៃឡើយ ហើយសម្រាមដ៏ច្រើននេះបានប្រមូលនិងយកចេញអស់ហើយ ក្រោយពីក្រុមកម្មករ អង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចាប់ប្រតិបត្តិការតាំងពីម៉ោង ១១យប់ រហូតម៉ោង ៦និង៣០នាទីព្រឹកនេះ៕
មតិយោបល់