ភ្នំពេញៈ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យ លោក Yasuo Ariga តំណាងអ្នកផ្តល់ជំនួយនិងជាអ្នកសម្របសម្រួលគម្រោងស្តីពីសុខភាព និងសុវត្ថិភាពការងាររបស់គម្រោង ILO-ជប៉ុន រួមជាមួយក្រុមការងារ ចូលជួបសម្តែងការគួរសម និងរាយការណ៍ពីវឌ្ឍនភាពការងារ ដែលបានសហប្រតិបត្តិជាមួយក្រសួងកន្លងមក ជាពិសេសការអនុវត្តន៍ប្រកបដោយជោគជ័យនូវដំណាក់កាលទី១ នៃគម្រោងស្តីពីសុខភាព និងសុវត្ថិភាពការងារ ២០១២-២០១៥។ ទន្ទឹមនឹងនេះ ការត្រៀមសម្រាប់អនុវត្តគម្រោងដំណាក់កាលទី២ ២០១៦-២០១៨ កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ នៅទីស្តីការក្រសួង។
នៅក្នុងជំនួបនេះ ម្ចាស់គម្រោង ILO-ជប៉ុន បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ និងគាំទ្រយ៉ាងខ្លាំងចំពោះសកម្មភាពការងាររបស់ក្រសួង ដែលបានខិតខំពង្រីកនូវការគិតគូរទៅដល់បញ្ហាសុខភាព និងសុវត្ថិភាពជូនបងប្អូនកម្មករនិយោជិត ជាពិសេសនៅក្នុងវិស័យសំណង់។
ជាការឆ្លើយតបទៅនឹងសំណើរបស់លោករដ្ឋមន្រ្តី គម្រោង ILO-ជប៉ុន នឹងបន្តជួយក្រសួងក្នុងការបង្កើតជាបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងបទដ្ឋានសុខភាព និងសុវត្ថិភាពផែ្នកសំណង់ បង្កើនវិធានការបង្ការគ្រោះថ្នាក់ការងារ និងវិជ្ជាជីវៈ បង្កើតវប្បធម៌សុវត្ថិភាពនៅតាមការដ្ឋានសំណង់តាមរយៈការបង្កើនចំណេះដឹងសុវត្ថិភាពសំណង់ដល់កម្មករនិយោជិតផែ្នកសំណង់ ចែករំលែកនូវបទពិសោធន៍ និងការអនុវត្តល្អៗស្តីពីសុវត្ថិភាពផ្នែកការដ្ឋានសំណង់ពីបណ្តាប្រទេសនានា ព្រមទាំងជួយកសាងសមត្ថភាពដល់គណៈកម្មាធិការជាតិត្រីភាគី ស្តីពីសុខភាព និងសុវត្ថិភាពការងារ ដែលកំពុងបង្កើត។ ទន្ទឹមនឹងនេះ គម្រោងនេះនឹងបន្តសហការជាមួយផ្នែកពាក់ព័ន្ធជាពិសេសបេឡាជាតិរបបសន្តិសុខសង្គម ក្នុងការចួលរួមទប់ស្កាត់នូវគ្រោះថ្នាក់ការងារ ដែលបណ្តាល មកពីគ្រោះថ្នាក់ចរាចរផងដែរ។
ជាគោលដៅរបស់ក្រសួង ស្នើសុំឱ្យគម្រោងសិក្សាផងដែរនូវលទ្ធភាពជួយក្រសួងក្នុងការបង្កើតឱ្យបាននូវគោលនយោបាយជាតិ ស្តីពីសុខភាព និងសុវត្ថិភាពការងារ ដែលក្របខ័ណ្ឌគោលនយោបាយសម្រាប់ជាមូលដ្ឋានក្នុងការកសាងនូវច្បាប់ និងបទបញ្ញត្តិក្នុងផែ្នកនេះឱ្យកាន់តែប្រសើរឡើងថែមទៀត៕




មតិយោបល់