ភ្នំពេញៈ ចំណោមតារាចម្រៀងស្រីខ្លាំងៗ មាស សុខសោភា មិនត្រូវបានគេរាប់បញ្ចូលថាពូកែរាំនោះទេក្នុងរង្វង់ប្រមាណជា៣ឆ្នាំមុន។ ក្នុងពេលដែលនាងចេញបទញាក់ ហើយប្រឹងរាំកាច់ចង្កេះដូចគ្នានឹងតារាគូប្រជែង ម្នាក់ៗធ្លាប់ទាំងលើកឡើងថានាងរាំបែបប្រឹងខ្លាំង និងមិនសូវសមនោះផង។
ប្រមាណជា១ឆ្នាំចុងក្រោយ មាស សុខសោភា បានធ្វើឲ្យការយល់ឃើញនេះប្រែប្រួល ខណៈក្រោយពីធ្លាប់បង្អាប់ថានឹងរាំស្ទើរៗ ក៏ប្ដូរមកសរសើរថានាងរាំងបានរស់រវើកមិនចាញ់ ឱក សុគន្ធកញ្ញា និងពេជ្រ សោភានោះផង។ ជាក់ស្ដែងនៅក្នុងពិធីគម្រប់ខួប១០ឆ្នាំរបស់ភោជនីយដ្ឋាន«វីហ្វ្រេន»នៅបឹងត្របែក អ្នកណាក៏ឃើញនោះដែរថានាងបញ្ចេញស្ទីលរាំរែកបានរស់រវើកជាមួយនឹងបទញាក់ដែលបានបង្ហើរសំនៀង ដែលផ្ទុយពីភាពស្រគត់ស្រគំរបស់នាងកាលពីប៉ុន្មានឆ្នាំមុន។ មាស សុខសោភា ក៏ត្រូវគេឃើញជ្រើសបានក្រុមរាំប្រចាំខ្លួន ដែលមើលទៅកាលីបមិនខុសពីតារាស្រីខ្លាំងៗផ្នែកបំបែកក្បាច់រាំក្រៅទ្រនំ។
ការវិវឌ្ឍន៍របស់នាងទាំងក្បាច់រាំ និងការផលិតបទនិពន្ធថ្មីមិនចម្លងពីគេ គឺជាយុទ្ធតែសាស្រ្តស្របគ្នាដែលធ្វើឲ្យតារាស្រីរូបនេះបន្តកាន់តំណែងជាតារាលេចធ្លោមកទល់នឹងពេលនេះ។ មាស សុខសោភា ក៏ចាប់ផ្ដើមបញ្ចេញភាពស៊ិចស៊ីដោយអន្លើៗ ដើម្បីកន្ទ្រាក់នូវការចាប់អារម្មណ៍ផងដែរជាពិសេសគឺសម្រស់ដើមទ្រូង បើទោះជានាងមិនទាន់សម្រេចចិត្តកែកុនដើមទ្រូងឲ្យមើលទៅកាន់តែទាក់ទាញទៀត ដូចតារាស្រីភាគច្រើន។ យ៉ាងណាមិញ តារាស្រីរូបនេះហាក់មិនសូវមានស្នេហ៍រាយមាយនាំឲ្យមានព័ត៌មានស្នេហាមិនកល្អនោះទេ ក្រៅតែពីមានដំណឹងតែជាមួយបុរសឈ្មោះដា ដែលគេចាត់ទុកថាជាស្វាមីក្រៅអាពាហ៍ពិពាហ៍របស់នាង។
មាស សុខសោភា ក៏មានទម្លាប់តែងខ្លួនលេចធ្លោនៅគ្រប់កាលៈទេសៈគ្រប់ពេលបង្ហាញខ្លួនផងដែរ មិនថាស្ទីលស្រគត់ស្រគំ ស្ទីលស៊ិចស៊ី និងការរំលេចម៉ូដសក់ប្លែកៗពីវែងមកខ្លី ឬលំអរដោយក្រមាដែលទើបធ្វើឲ្យមានការចាប់អារម្មណ៍មុននេះ ក្នុងពិធីសម្ពោធរឿង«ចន្ទ្រា»៕
https://youtu.be/FOAHpr56Gnw
មតិយោបល់