ព័ត៌មានជាតិ

ពលរដ្ឋស្នើឲ្យតុលាការ ស្រាវជ្រាវចាប់ជនល្មើសដែលលួចកាប់ដើមធ្នង់ជាច្រើនដើមនៅក្នុងសហគមន៍ពោធិ៍ជ្រកជម្រកឬទ្ធិសែន

កំពង់ឆ្នាំង: ដើមធ្នង់ធំៗចំនួន២៣ដើម នៅក្នុងព្រៃឈើសហគមន៍ពោធិជ្រកជំរកឬទ្ធីសែន ស្ថិតជាប់៦ភូមិ ក្នុងឃុំពោធិ ស្រុកកំពង់លែង ត្រូវបានជនល្មើសចូលលួចកាត់យកដោយរណាយន្តដឹកយកចេញទៅបាត់ដោយសុវត្តិភាពគ្មានអ្នកណាដឹង កាលពេលយប់មុនថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ ដែលករណីនេះគេសង្ស័យថាមានការឃុបឃិតគ្នានៅក្នុងមូលដ្ឋានសហគមន៍ និងបុគ្គលក្នុងអាជ្ញាធរស្រុកឃុំ។ ទាក់ទងនឹងបញ្ហានេះដែរត្រូវបានប្រជាពលរដ្ឋបានស្នើសុំឲ្យលោកអភិបាលខេត្ត និងសាលាដំបូងខេត្តជួយទប់ស្កាត់ស្រាវជ្រាវចាប់ជនល្មើស និងបក្ខពួកយកមកផ្ទន្ទាទោសឲ្យបានម៉ឺងម៉ាត់ទៅតាមផ្លូវច្បាប់។

លោក នៅ យឿង ប្រធានសហគមន៍ពោធិ៍ជ្រកជម្រកឬទ្ធីសែន នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ នៅក្នុងសាលាឃុំពោធិ៍បាននិយាយឲ្យដឹងថា ជនល្មើសបានលួចកាប់យកដើមធ្នង់ធំៗមានមុខកាត់ពី៤តឹក ចុះក្រោមចំនួន២៣ដើម នៅក្នុងព្រៃសហគមន៍ក្នុងអំឡុងមុនថ្ងៃទី០៥ ខែតុលា មានរយ:ពេលប្រមាណ២ទៅ៣ថ្ងៃ ក្នុងរដូវប្រជាពលរដ្ឋជាប់រវល់បុណ្យកាន់បិណ្ឌ ហើយបានលួចដឹកយកចេញដោយសុវត្តិភាពនៅពេលយប់គ្មានអ្នកណាដឹង។ រហូតដល់ថ្ងៃទី០៥ ខែតុលា ទើបសហគមន៍ដឹង និងបាននាំគ្នាចុះទៅពិនិត្យកន្លែងកើតហេតុឃើញនៅសល់គល់ធ្នង់ និងមែកធ្នង់ចំនួន១០ដុំ បាននាំគ្នាដឹកយកឈើនោះមករក្សាទុកនៅក្នុងសាលាឃុំពោធិ៍ ហើយបានធ្វើរបាយការណ៍ជូនលោកនាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងជ្រាប និងជួយចាត់ការតាមផ្លូវច្បាប់។
លោក នៅ យឿង បានបន្តថា ក្រោយមកគេឃើញវត្តមាន មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើក៏បានចុះមកត្រួតពិនិត្យស្រាវជ្រាវកសាងសំណុំរឿងតាមនិតិវិធីបញ្ជូនទៅតុលាការ ប៉ុន្តែលោកមិនបានដឹងថា ការស្រាវជ្រាវរបស់មន្ត្រីជំនាញបានលទ្ធផលយ៉ាងណានោះទេ។ ដោយឡែកលោកទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាអ្នកលួចកាប់ដើមធ្នង់ចំនួន២៣ដើមពីព្រៃសហគមន៍នេះ គឺម្ចាស់សិប្បកម្មឈើម្នាក់ឈ្មោះ ជៀប តឿង នៅឃុំច្រណូក ស្រុកកំពង់លែង និងបក្ខពួកគេមួយចំនួនទៀតនៅក្នុឃុំពោធិ៍ ដោយកន្លងមកឈ្មោះ ជៀប តឿង នេះបានដឹកឈើធ្នង់មានមុខកាត់ធំៗមកកាន់ក្រុងកំពង់ឆ្នាំង ត្រូវបានសមត្ថកិច្ចចាប់ម្តងរួចមកហើយ តែជនល្មើសនៅអាចដើរហើរបានដោយសេរី និងអាចបំផ្លាញឈើក្នុងសហគមន៍ដដែល។

ទាក់ទងនឹងករណីនេះដែរ នៅព្រឹកថ្ងៃទី១៦ ខែតុលានេះ លោក ហោ ដារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ទទួលបន្ទុកស្រុកកំពង់លែងផងដែរបានឲ្យដឹងថា សហគមន៍ពោធិ៍ជ្រកជំរកឬទ្ធីសែន នៅក្នុងឃុំពោធិ៍សម្បូរ ដើមធ្នង់រាប់ម៉ឺនដើម កន្លងមកខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង បានស្នើសុំទៅថ្នាក់លើរក្សាទុកពូជឈើធ្នង់ចំនួន២០ហិកតាការ៉េ នៅក្នុងសហគមនន៍មួយនេះ។
ចំណែកអ្នកលួចកាប់ដើមធ្នង់ចំនួន២៣ដើមកាលពីអំឡុងថ្ងៃកាន់បិណ្ឌ នៅក្នុងព្រៃឈើសហគមន៍ និងបក្ខពួកគឺមានទាំងប្រជាពលរដ្ឋ មានទាំងអាជ្ញាធរមូលដ្ឋានភូមិមួយចំនួន និងអ្នកទិញឈើខាងលើនេះសមត្ថកិច្ចខណ្ឌរដ្ឋបាលព្រៃឈើ បានធ្វើការស្រាវជ្រាវមុខសញ្ញាជនសង្ស័យក្នុងការប្រព្រឹត្តបទល្មើសខាងលើនេះបានដឹងច្បាស់៩០ភាគរយហើយ និងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តចាត់ការជនល្មើស និងបក្ខពួកតាមផ្លូវច្បាប់៕

ឈើធ្នង់

ឈើធ្នង់

ឈើធ្នង់

ឈើធ្នង់

ឈើធ្នង់

មតិយោបល់