កណ្ដាលៈ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលនារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ បានធ្វើពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិជូនមន្រ្ដីនគរបាលខេត្ដកណ្ដាលនិងខេត្ដតាកែវ ក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ឯក ប៉ែន វិបុល ប្រធាននាយកដ្ឋានបុគ្គលិកក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់លោក នាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម នៃ ចារី អភិបាលរងនៃគណៈអភិបាលខេត្ដកណ្ដាល ។
ពិធីនេះមានវត្ដមានចូលរួមពីប្រតិភូក្រសួងមហាផ្ទៃ, តំណាងអយ្យការអមសាលាដំបូងខេត្ដកណ្ដាល, លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដ, លោក-លោកស្រីស្នងការរង, មេបញ្ជាការរងតំបន់ប្រតិបត្ដិការសឹករងខេត្ដ, មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ដ, នាយការិយាល័យជំនាញខេត្ដ, អធិការនគរបាលក្រុង/ស្រុកទាំង១១ និងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង១២៧ប៉ុស្ដិ៍ ។
ឆ្លៀតក្នុងឱកាសដ៏ប្រសើរនេះលោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល បានឡើងរាយការណ៍ពីសភាពការបទល្មើសយ៉ាងដូច្នេះថា នៅក្នុងខែកញ្ញា ឆ្នាំ២០១៦ បទល្មើសព្រហ្មទណ្ឌបានកើតមានឡើង១៨លើ២៨លើក(ថយចុះ១០លើក) ក្នុងនោះបទឧក្រិដ្ឋ១ លើ៣លើក(ថយចុះ២លើក) ។ ដោយឡែកបទមជ្ឈឹមបានកើតឡើង១៧ លើ២៥លើក(ថយចុះ៨ករណី) ។ ដោយមានការយកចិត្ដទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិនិងលោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដ មន្រ្ដីប្រតិបត្ដិករជំនាញនៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល បានយកអស់កម្លាំងកាយចិត្ដអនុវត្ដតាមសមត្ថកិច្ចជំនាញ។
ជាលទ្ធផលបង្រ្កាបជាក់ស្ដែងបាន១៤ករណីចាប់ខ្លួនជនល្មើស១៩នាក់(បទឧក្រិដ្ឋ១ករណីចាប់ម្នាក់ បទមជ្ឈឹម១៣ករណីចាប់១៨នាក់)។ ដោយឡែកប្រតិបត្ដិការបង្រ្កាបបទល្មើសប្រឆាំងគ្រឿងញៀនក្នុងខែកញ្ញា ឆ្នាំ២០១៦នេះ សមត្ថកិច្ចបង្រ្កាបបានចំនួន៣១លើ៣៥លើក ចាប់ខ្លួនជនល្មើស៥៧លើ៥៧នាក់ និងចាប់យកវត្ថុតាគ្រឿងញៀនប្រភេទមេតំហ្វេតាមីន៩៥កញ្ចប់ព្រមទាំងសម្ភារៈពាក់ព័ន្ធជាច្រើនទៀត ។
លោកបានបន្តថា ចំពោះបទល្មើសគ្រោះថ្នាក់ចរាចរណ៍នៅខែកញ្ញាកន្លងទៅនេះកើតមានឡើង១៤លើ១៤លើក បណ្ដាលឲ្យមនុស្សស្លាប់៥លើ៨នាក់ របួស១៧លើ៣២នាក់ ។ ករណីទាំងនេះកើតឡើងបណ្ដាលមកពីកត្ដាមនុស្សទាំងអស់មានដូចជា ការបើកបរមិនយោគយល់គ្នា ផ្ទុកលើសទម្ងន់ មិនត្រួតពិនិត្យយានយន្ដឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស បើកបរក្នុងស្ថានភាពស្រវឹង។ល។
លោកឧត្ដមសេនីយ៍ត្រី ឈឹម ថន អនុប្រធាននាយកដ្ឋានបុគ្គលិកបានថ្លែងថា មន្រ្ដីនគរបាលដែលត្រូវបានផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិនៅថ្ងៃនេះរួមមានតែងតាំងមុខតំណែងស្នងការរង១រូប, ផ្ទេរភារកិច្ចនាយការិយាល័យ៣រូប, អនុប្រធានការិយាល័យកណ្ដាល១រូប, នាយរងការិយាល័យ១០រូប, អធិការ១រូប, អធិការរង២រូប និងមេបញ្ជាការរងនៃវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ ចំនួន២រូប ។ ដោយឡែកតម្លើងឋានន្ដរស័ក្ដិថ្នាក់វរសេនីយ៍ឯក២រូបដែលអញ្ចើញមកពីស្នងការដ្ឋាននគរបាលខេត្ដតាកែវ ថ្នាក់វរសេនីយ៍ទោ០១រូប និងថ្នាក់វរសេនីយ៍ត្រី០៤រូប នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ៕
មតិយោបល់