ព័ត៌មានជាតិ

នាវា USS Germantown មកដល់ប្រទេសកម្ពុជា

ភ្នំពេញ: នាវាបុកច្រាំង ថ្នាក់ Whidbey Island ដែលមានឈ្មោះថា USS Germantown (LSD-42) បានមកដល់ទីក្រុងព្រះសីហនុ នៃប្រទេសកម្ពុជា ក្នុងដំណើរទស្សនកិច្ចតាមកាលកំណត់មួយ នៅថ្ងៃទី១៦ ខែតុលា។ នាវា Germantown និងកងវរសេនាតូចភស្តុភាប្រយុទ្ធនៃអង្គភាពទី៣១ ក្នុងអង្គភាពទ័ពម៉ារីនដែលបំពេញបេសកកម្មនៅក្រៅប្រទេស (MEU) បានមកដល់ទីក្រុងព្រះសីហនុ បន្ទាប់ពីបានបញ្ចប់សមយុទ្ធបុកច្រាំង លេខ៣៣ នៅសាធារណរដ្ឋហ្វីលីពីន។ នេះបើតាមប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃទី១៧ ខែតុលា។

មេបញ្ជាការលើនាវា Germantown លោក Severn Stevens Severn  បានថ្លែងថា “ដោយបន្តទៅមុខជាមួយនឹងប្រក្រតីទិននៃប្រតិបត្តិការដ៏មមាញឹករបស់យើង និងការបង្ហើយសមយុទ្ធចុងក្រោយនេះរបស់យើង យើងរីករាយនឹងឱកាសមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា។ នាវាចម្បាំងមកប្រទេសកម្ពុជា មិនសូវញឹកញាប់ទេ ដូច្នេះយើងចង់ធ្វើឲ្យវត្តមានរបស់យើងនៅទីនេះ ផ្តល់ប្រយោជន៍ច្រើនបំផុត ដោយយើងធ្វើការជាមួយភាគីរបស់យើងខាងកងទ័ពជើងទឹកកម្ពុជា ហើយស្វែងយល់ពីវប្បធម៌ដ៏សំបូរបែបនៃប្រទេសកម្ពុជា”។

នៅក្នុងពេលគេស្នាក់នៅក្នុងប្រទេសកម្ពុជា នាវឹក និងទាហានម៉ារីនអាមេរិក នឹងធ្វើការស្វែងយល់ពីអតីតកាល និងបច្ចុប្បន្នភាព នៃប្រទេសកម្ពុជា តាមរយ:ដំណើរស្វែងយល់ពីប្រវត្តិសាស្រ្ត និងវប្បធម៌ ដែលរៀបចំទទួលដោយផ្នែកទទួលបន្ទុកខាងស្មារតី សុខមាលភាព និងការកម្សាន្ត។

វរសេនីយឯក Siebrand H. Niewenhous IV មេបញ្ជាការ នៃកងវរសេនាតូចភស្តុភាប្រយុទ្ធលេខ៣១ ឲ្យដឹងដែរថា “ទាហានម៉ារីន ក្នុងកងវរសេនាតូចភស្តុភាប្រយុទ្ធលេខ៣១ និង MEU ទី៣១ មានសេចក្តីរំភើបរីករាយដោយបានមកកម្ពុជា ហើយឃើញអ្វីដែលកម្ពុជា មាន បន្ទាប់ពីបញ្ចប់បេសកកម្មនៅប្រទេសហ្វីលីពីន។ ទាហានម៉ារីនអាមេរិកភាគច្រើន មិនដែលបានមកកន្លែង ដូចជាប្រទេសកម្ពុជា នេះទេ ហើយយើងរីករាយនឹងឃើញវប្បធម៌ពិសេសរបស់កម្ពុជា នៅទីក្រុងព្រះសីហនុ”។

នាវិក និងទាហានម៉ារីនរបស់នាវា Germantown នឹងមានឱកាសបានទៅមើលសៀមរាបអង្គរ និងរាជធានីភ្នំពេញ។

ក្រៅពីការធ្វើដំណើរ និងការដើរទស្សនា បុគ្គលិកនាវា Germantown នឹងមានរៀបចំពិធីមួយនៅលើនាវា សម្រាប់បុគ្គលិករបស់ស្ថានទូតអាមេរិក មេបញ្ជាការកងទ័ពជើងទឹកកម្ពុជា និងអនុព័ន្ធបរទេស។ ពិធីនៅយប់នោះ នឹងប្រព្រឹត្តទៅនៅលើវាលសម្រាប់យន្តហោះរបស់នាវា ដែលនៅទីនោះ ឥស្សរជនអាមេរិក និងឥស្សរជនបរទេស មានឱកាសធ្វើការផ្លាស់ប្តូរយោបល់គ្នា។

នាវឹក និងទាហានម៉ារីនអាមេរិក ក៏នឹងចូលរួមផងដែរនៅក្នុងការប្រកួតកីឡាជាមួយទាហានកម្ពុជា ដែលរួមមានការប្រកួតបាល់ទះ និងបាល់ទាត់ រវាងប្រទេសទាំងពីរផងដែរ។

គួរជម្រាបថា នាវា Germantown ដែលអមក្រុមនាវាវាយប្រហារលេខ៧ ប្រចាំនៅបរទេសបំពេញប្រតិបត្តិការនៅក្នុងតំបន់ប្រតិបត្តិការនៃកងនាវាជើងទឹកទី៧ របស់សហរដ្ឋអាមេរិក ដើម្បីធានាសន្តិសុខ និងស្ថិរភាព នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក៕

161013-n-su278-121

មតិយោបល់