សៀមរាបៈ បុរសម្នាក់ ឈ្លោះប្រកែកជាមួយប្រពន្ធ២ទៅ៣ថ្ងៃមកហើយមិនឈ្នះមិនចាញ់ប្តី ក៏សម្រេចចិត្តចងកខ្លួនឯង នៅនឹងដើមឈើក្បែរផ្ទះ។ ករណីនេះ កើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ ក្នុងភូមិនគរក្រៅ សង្កាត់នគរធំ ក្រុងសៀមរាប។
មន្ត្រីនគរបាលក្រុង បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះឡាយ សន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរគ្មាន។ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ ឃើញជនរងគ្រោះចងកខ្លួនឯងនឹងខ្សែក្រវ៉ាត់ នៅលើដើមឈើក្បែរផ្ទះ បន្ទាប់ពីបានពិនិត្យសាកសព។
មន្ត្រីនគរបាលបន្ថែមថា ករណីនេះ សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនឯងពិតមែន មិនមែនជាអំពើឃាតកម្មនោះទេ ដោយនៅលើរូបរាងកាយសាកសពពុំមានស្លាកស្នាមអ្វីក្រៅពីចងកនោះទេ។ បច្ចុប្បន្ន សពត្រូវបានក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕


មតិយោបល់