ព័ត៌មានជាតិ

សណ្ដាប់ធ្នាប់តំបន់ផ្សារ ក្នុង​អាណាចក្រខណ្ឌទួលគោក មានសភាពរញ៉េរញ៉ៃ

ភ្នំពេញៈ បញ្ហាសណ្តាប់ធ្នាប់នៅខណ្ឌទួលគោកអាជ្ញាធរថា មានសភាពដូចវែកចកអ៊ីចឹង ដេញហើយមកវិញ ប៉ុន្តែអាជ្ញាធរមិនប្រើវិធានការក្តៅនោះទេ គឺទុកពេលវេលាជូនពួកគាត់យល់ដឹងអំពីច្បាប់ដោយខ្លួនឯង ជាជាងការបង្ខិតបង្ខំ។ អាជ្ញាធរគ្រាន់តែចង់ប្រាប់បងប្អូនអាជីវករថា ចូលរួមសម្អាតអនាម័យ ពេលកំពុងលក់ដូរ និងក្រោយពេលឈប់លក់ផង ដើម្បីសោភ័ណទីក្រុង ហើយកុំដាក់តាំងលក់អ៊ីវ៉ាន់លយចេញមកផ្លូវសាធារណៈវាធ្វើឲ្យមានការកកស្ទះចរាចរណ៍ដល់អ្នកដំណើរ។

ជាក់ស្ដែងទីតាំងមួយចំនួនមានដូចជា ទី១ កន្លែងលក់គ្រឿងបន្លាស់ម៉ូតូនៅរបងផ្សារហេងលីផ្លូវ២៧១ សង្កាត់ទឹកល្អក់៣។ ទី២ កន្លែងឃ្លាំងរំសៀវលក់ម៉ូតូ ផ្លូវ១៨២ កែង ផ្លូវ២៥៣ សង្កាត់ទឹកល្អក់៣។ ទី៣.ខាងមុខរបងមជ្ឍមណ្ឌលម៉ុងឌីយ៉ាល់ ផ្លូវ២០២ ផ្លូវម៉ៅសេងទុង ផ្លូវ២៣០ ផ្លូវ២១៧ ផ្លូវ៣៣៦ ផ្លូវ២៣៤ ផ្លូវ២៣៩ ផ្លូវ២៣១ សង្កាត់ផ្សារដើមគរ។ ៤.កន្លែងលក់គ្រឿងបន្លាស់រថយន្ត (កន្លែងកាប់សាច់រថយន្ត) ស្ថិតនៅសង្កាត់ដេប៉ូ១ ដោយយកចិញ្ចើមផ្លូវផ្ទុកគោងឆ្អឹងរថយន្ត និងជួសជុលរថយន្តនៅលើផ្លូវតែម្តង។ ៥.ហាងគ្រឿងម្ហូបក្លែម ហាងគុយទាវកាហ្វេ យាន្តដ្ឋានជួសជុលរថយន្ត កន្លែងលាងម៉ូតូ កន្លែងលាងរថយន្ត កន្លែងជួលជុលម៉ាស៊ីនផ្សេងៗ កន្លែងរបងសាលារៀនតាមវិទ្យាល័យ មានការចតលើផ្លូវ លក់លើចិញ្ចើមផ្លូវ តាំងលក់រថយន្តលើចិញ្ចើមផ្លូវតាមរបងសាលាវិទ្យាល័យ ដែលភាគច្រើនជួលពីម្ចាស់ផ្ទះ។

ពាក់ព័ន្ធនឹងបញ្ហាខាងលើ លោអភិបាលខណ្ឌបានប្រាប់ឲ្យដឹងថា ថវិកាមួយចំនួន ដែលទទួលបានពីច្រកចេញចូលតែមួយបានធ្វើជាប្រាក់រង្វាន់ឧបត្ថម្ភដល់ប្រជាការពាររបស់សាលាខណ្ឌទួលគោក។ លោកបានបន្តថា លោកហាមដាច់ជាខាតមិនឲ្យដើរយកលុយតាមកន្លែងលក់ដូរតាមផ្លូវសាធារណៈជាដាច់ខាត បើមិនដូចនេះទេ លោកនឹងដាក់ទោសទៅតាមការប្រព្រឹត្តហើយ និងបញ្ជប់ពីការងារទៀតផង។

លោកបញ្ជាក់បន្ថែមថា បើទោះសព្វថ្ងៃសាលាខណ្ឌទួលគោកខ្វះខាតចំពោះបាយទឹកដល់កម្លាំងប្រជាការពារក៏ដោយ ក៏លោកនៅតែបន្តខិតខំស្វែងរកការឧបត្ថម្ភពីអាជីករធំ ដែលស្ម័គ្រជួយ ក្នុងតម្លាភាពមិនមែនតាមរូបភាពខ្មៅងងឹតឡើយ។

ជាចុងក្រោយប្រជាពលរដ្ឋ បានសំណូមពរដល់អាជ្ញាធរជួយធ្វើយ៉ាងណា សម្រួលចរាចរណ៍ នៅទីតាំងទាំងប៉ុន្មានខាងលើនេះផង ព្រោះពេលពួកគាត់ដំណើរឆ្លងកាត់ម្ដងៗមានសភាពរញ៉េរញ៉ៃណាស់ ហើយស្ទះចរាចរណ៍រាប់ម៉ោង ខាតពេលវេលាពួកគាត់អស់ហើយ៕

photo_2016-11-07_13-41-56photo_2016-11-07_13-41-57-2photo_2016-11-07_13-41-57photo_2016-11-07_13-41-54photo_2016-11-07_13-41-55

មតិយោបល់