ព័ត៌មានជាតិ

ចោរទាក់ឆ្កែអស់ល័ក្ខត្រូវជាប់ទ្រុងសមត្ថកិច្ច

កណ្ដាល: ចោរលួចទាក់ឆ្កែដ៏សកម្ម២នាក់អស់លក្ខ័ត្រូវបានជាប់ទ្រុងសមត្ថកិច្ច ស្រុកកោះធំ ខណ:ពេលបើកម៉ូតូធ្វើសកម្មភាពចាប់ឆ្កែអ្នកភូមិ កាលពីម៉ោង១២និង៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ នៅភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្ដកណ្ដាល។

លោកឈឿន ប៊ុនឆន អធិការនគរបាលស្រុកកោះធំ បានឲ្យដឹងថា ជនសង្ស័យចំនួន២នាក់ ដែលបានឃាត់ខ្លួនទី១មានឈ្មោះ ប៉ូ ផាត (ហៅកញ្ចាស់) ប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។ និងជនសង្ស័យទី២ឈ្មោះ ដូយ ផៃប្រុស អាយុ២២ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយគ្នាមុខរបរមិនពិតប្រាកដ។

លោក អធិការនគរបាលបានបន្ដថា ពេលឃាត់ខ្លួនវត្ថុតាងដកហូតបាន ឧបករណ៍សម្រាប់ទាក់ឆ្កែ ម៉ូតូ ១គ្រឿង ម៉ាកហុងដាសេ១២៥ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ បិតស្កុតពណ៌ទឹកប្រាក់ ឡើងតែមស៊េរី២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1AV-0998 ។

លោកអធិការបានឲ្យដឹងបន្ថែមថា នៅយប់កើតហេតុខាងលើ កម្លាំងអធិការដ្ឋាន នគរបាលស្រុកកោះធំ បានចុះល្បាតក្នុងភូមិសាស្ត្រដែលខ្លួនគ្រប់គ្រង ក៏ប្រទះឃើញសញ្ញាលួចយ៉ាងសកម្មពីរនាក់ខាងលើ កំពុងជិះម៉ូតូ១គ្រឿង ធ្វើសកម្មភាពប្រើឧបករណ៍ទាក់ឆ្កែ កំពុងរៀបទាក់ឆ្កែនៅចំណុចកើតហេតុខាងលើ ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ និងវត្ថុតាងបញ្ជូនមកកាន់មកអធិការដ្ឋាននគរបាល ស្រុកដើម្បីសាកសួរ ។

តាមចម្លើយសារភាព របស់ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពជិះ ម៉ូតូដើម្បីទាក់ឆ្កែតាមផ្លូវប្រាកដមែន។ ដោយការទាក់នោះ គឺទាក់ជាប្រចាំ ព្រមទាំងបានលួចផលដំណាំរបស់អ្នកភូមិជាញឹកញាប់ឲ្យតែមានឱកាសល្អគឺលួចទាំងអស់ ។ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបាននគរបាលកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ទាក់ឆ្កែ

មតិយោបល់