ព័ត៌មានជាតិ

​អាសូរបំផុត! កុមារាអាយុ​២​ឆ្នាំ លង់ទឹក​ស្រះ​ក្បែ​រផ្ទះ​ស្លាប់

បាត់ដំបងៈ កុមារាម្នាក់ ទើបតែមានអាយុ២ឆ្នាំ រស់នៅជាមួយនឹងជីដូនបានលង់ទឹកស្រះក្បែរផ្ទះស្លាប់យ៉ាងអាណោចអាធ័មជាទីបំផុត ខណៈជីដូនរវល់រៀបចំទុកដាក់អ៊ីវ៉ាន់មួយភ្លែត ក៏ស្រាប់តែបាត់ចៅប្រុសតែម្តង លុះពេលរកឃើញ គឺអ្វីៗបានហួសពេលអស់ទៅហើយ។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុច ភូមិកោកក្ដួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ច បានឲ្យដឹងថា កុមារារងគ្រោះមានឈ្មោះ រិត ផាត់ណា ភេទប្រុស អាយុ២ឆ្នាំ រស់នៅជាមួយជីដូន ក្នុងភូមិ ឃុំកើតហេតុខាងលើ។ បើតាមការរៀបរាប់ពីសំណាក់ ជីដូនដែលកំពុងភ័យស្លន់ស្លោ ដោយក្តីអាណិតអាសូរដល់ចៅប្រុស បាននិយាយថា ដោយសារតែជីវភាពទីទាល់ក្រ និងលំបាកខ្លាំងពេក ទើបបានជាឪពុកម្តាយរបស់ក្មេងនេះ បានចេញទៅធ្វើការងារនៅឯប្រទេសថៃ ឯណោះ ដោយបាន ទុកកូនប្រុសដែលត្រូវជាចៅ និងទើបតែមានអាយុ២ឆ្នាំ ឲ្យរស់នៅជាមួយនឹងគាត់ ។

ជីដូន បានបន្តថា នៅមុនពេលកើតហេតុ គឺខណៈពេលដែលគាត់កំពុងតែរៀបចំអ៊ីវ៉ាន់នៅខាងក្នុងផ្ទះមួយភ្លែត ក៏ស្រាប់តែបាត់ចៅពីខាងមុខផ្ទះ ទើបរូបគាត់មានការភិតភ័យយ៉ាងខ្លាំងក៏រត់រកគ្រប់កន្លែង ទើបបានប្រទះឃើញចៅលង់ក្នុងទឹកស្រះដែលនៅចម្ងាយពីផ្ទះ ប្រហែល១០ម៉ែត្រ ស្លាប់បាត់ទៅហើយ ទើបមានការឆោឡោឡើង ដោយមានការត្រួតពិនិត្យពីកម្លាំងសមត្ថកិច្ចជំនាញផងដែរ។ បច្ចុប្បន្នជីដូន បានទាក់ទងទៅឪពុក ម្តាយឲ្យបានដឹង និងរៀបចំធ្វើបុណ្យតាមប្រពៃណី៕

image2

មតិយោបល់