ភ្នំពេញ: សមាគមកម្ពុជានៃអតីតនិស្សិតពីអូស្ត្រាលី (AAA-C) បានរៀបចំសិក្ខាសាលាមួយ ស្តីពីការអភិវឌ្ឍរាជធានីភ្នំពេញ បញ្ហាប្រឈម និងដំណោះស្រាយ ជាមួយមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា, អ្នកជំនាញមកពីក្រសួងពាក់ព័ន្ធ, ដៃគូអភិវឌ្ឍន៍, អង្គការសង្គមស៊ីវិល និងស្ថាប័នឯកជនជាច្រើនទៀត នាថ្ងៃទី២៩ ខែមេសានេះ នៅសណ្ឋាគារអាំងទែកុងទីណង់តាល់។
លោកស្រី សូ ផីណា ប្រធាន AAA-C បានឱ្យដឹងថា សិក្ខាសាលានេះ គឺជាវេទិកាសម្រាប់អ្នកជំនាញផ្នែករៀបចំផែនការអភិវឌ្ឍតំបន់ក្រុងនិងភាគីពាក់ព័ន្ធសំខាន់ៗ ដើម្បីចែករំលែកគំនិតយោបល់ចក្ខុវិស័យ ស្តីពីការអភិវឌ្ឍនិងអនាគតរបស់រាជធានីភ្នំពេញ និងបញ្ហាប្រឈមនិងដំណោះស្រាយដ៏មានសក្តានុពល ដែលទាក់ទងនឹងការអភិវឌ្ឍរាជធានីភ្នំពេញ ជាពិសេស រួមមានបញ្ហា លំនៅឋាន បញ្ហាទឹក និងអនាម័យនិងការដឹកជញ្ជូនសាធារណៈជាដើម។
បើតាមលោក ប៉ែន សុផល រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា រាជធានីភ្នំពេញកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ រីឯក្រុងរណបនិងគម្រោងសាងសង់អគារខ្ពស់ៗជាច្រើន បានបញ្ចប់រួចរាល់ ហើយខ្លះទៀតកំពុងបន្តសាងសង់បានកែប្រែសោភណ្ឌភាពរាជធានី។ កាលពីខែធ្នូ ឆ្នាំ២០១៥ រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តផែនការមេអភិវឌ្ឍតំបន់ក្រុងសម្រាប់រាជធានីភ្នំពេញ រហូតដល់ឆ្នាំ ២០៣៥ ហើយផែនការមេនៃការដឹកជញ្ជូនក្នុងតំបន់ក្រុងក៏ត្រូវបានរួមបញ្ចូលផងដែរ។
លោកសង្កត់ធ្ងន់ថា ផែនការមេនេះ នឹងត្រូវចាត់ទុកជាយុទ្ធសាស្រ្តគោលដៅ ស្តីពីផែនការអភិវឌ្ឍតំបន់ក្រុង ដើម្បីឆ្លុះបញ្ចាំងពីកំណើនយ៉ាងឆាប់រហ័ស លើការវិនិយោគវិស័យឯកជននិងកំណើនប្រជាជនក្នុងរាជធានីភ្នំពេញ។ ចំនួនប្រជាជនសរុបក្នុងរាជធានីភ្នំពេញរំពឹងថា នឹងកើនឡើងរហូតដល់៣លាននាក់ នៅត្រឹមឆ្នាំ២០២០។ ស្របពេលជាមួយគ្នានេះដែរ កំណើននៃការសាងសង់សំណង់នៅក្នុងតំបន់កណ្តាលក្រុងនិងជាយក្រុងកំពុងតែរីកដុះដាលដូចផ្សិត ដែលតម្រូវឱ្យមានការពង្រីករដ្ឋបាលក្រុង ដើម្បីឱ្យស្របតាមការអភិវឌ្ឍនេះ។ ម្យ៉ាងទៀត ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងក្រុង ជាដើម។
សូមបញ្ជាក់ថា សិក្ខាសាលានេះ គឺជាសិក្ខាសាលាប្រចាំឆ្នាំ ដែលបានរៀបចំឡើងជាបន្តបន្ទាប់ដោយសមាគម AAA-C ដោយមានការឧបត្ថម្ភគាំទ្រពីស្ថានទូតអូស្ត្រាលី ក្នុងគោលបំណងផ្តល់ឱ្យសមាជិកនិងបុត្រសម្ព័ន្ធនូវព័ត៌មាននិងចំណេះដឹងស្តីពីប្រធានបទថ្មីៗនិងឱកាសកសាងបណ្តាញទំនាក់ទំនងផងដែរ៕
មតិយោបល់