ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានដោះលែងជនជាតិវៀតណាមចំនួន៣នាក់ ក្រោយឃាត់ខ្លួនបានបីថ្ងៃ

រតនគិរី: ស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានសម្រេចដោះលែងជនជាតិវៀតណាមចំនួន៣នាក់ក្រោយពីការឃាត់ខ្លួនបានបីថ្ងៃ ដែលជាប់ពាក់ព័ន្ធករណីរុករករ៉ែថ្មគ្មានច្បាប់នៅស្រុកកូនមុំ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះ។

សមត្ថកិច្ចបានឲ្យដឹងថា ជនជាតិវៀតណាមទាំង៣នាក់នោះ ទី១ឈ្មោះ ង្វៀន ជុងយឿង ភេទប្រុសមានលិខិតឆ្លងដែន ទី២ឈ្មោះង្វៀន យ៉ាំងកង ភេទប្រុស និងទី៣ឈ្មោះ សុខ ជា ភេទប្រុស។ សមត្ថកិច្ចបានបន្តថា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋនៅក្នុងឃុំត្រពាំងក្រហមបានរាយការណ៍ទៅនគរបាលស្រុកកូនមុំថា មានជនជាតិវៀតណាមប្រហែល៥ទៅ៦នាក់បានទៅបោះទីតាំងនៅចំណុចភ្នំលាក់កាំភ្លើង និងមានដាក់ម៉ាស៊ីនខួងយករ៉ែថ្ម។ លុះដល់ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ អាជ្ញាធរស្រុកកូនមុំបាននាំកម្លាំងចុះបង្ក្រាបដល់ទីតាំងដែលវៀតណាមបានធ្វើសកម្មភាពរុករករ៉ែថ្មតែម្តង។

សមត្ថកិច្ចបានបញ្ជាក់ថា យុទ្ធនាការនោះ រឹបអូសយកបានម៉ាស៊ីនភ្លើងមួយគ្រឿង ម៉ាស៊ីនគោយន្តសម្រាប់ខួងយកថ្មមួយគ្រឿង ផ្លែស្វាន១៥ដើម និងសម្ភារ:មួយចំនួនទៀតដែលពួកគេបានប្រើប្រាស់ក្នុងការរុករករ៉ែដោយមិនស្របច្បាប់។ សមត្ថកិច្ចបន្ថែមទៀតថា មុននឹងកម្លាំងចុះទៅដល់ការដ្ឋាននោះ កម្មករវៀតណាមបានរត់ភៀសខ្លួនអស់ទៅហើយ ប៉ុន្តែសមត្ថកិច្ចបានដាក់កម្លាំងស្ទាក់ឃាត់បានកម្មករ៣នាក់ក្នុងចំណោមមនុស្សទាំងអស់នោះ។ កម្មករទាំង៣នាក់មានម្នាក់ចេះនិយាយភាសាខ្មែរថា មុននឹងដឹកគ្រឿងចក្រចូលខួងយករ៉ែនៅភូមិសាស្ត្រស្រុកកូនមុំនោះ គឺបានទៅជួបសមត្ថកិច្ចជំនាញរ៉ែ និងខាងអាជ្ញាធរឲ្យបានដឹងហើយ។ កម្មកររូបនេះ បានបន្តថា ពួកគេបានបម្រើការងារនៅក្រុមហ៊ុនកែរឆ្នៃថ្មម៉ាប មួយនៅខេត្តព្រ:វិហារ ការដាក់កម្លាំងរុករករ៉ែនៅស្រុកកូនមុំនេះគឺគ្រាន់តែជាការស្រាវជ្រាវរកសំណាកថ្មម៉ាប រួចផ្ញើរទៅឲ្យខាងក្រុមពិនិត្យមើលសិនទេ បើត្រូវខាងក្រុមហ៊ុននឹងរត់ច្បាប់ជាក្រោយ។

លោក ហ៊ុន ប៊ុនថាន ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបានបញ្ជាក់ឲ្យដឹងតាមទូរសព្ទថា រឿងជនជាតិវៀតណាមដាក់ម៉ាស៊ីនខួងថ្មនៅទីតាំងខាងលើ គឺជាទង្វើខុសច្បាប់ហើយ រឿងនេះយើងបានកសាងសំណុំរឿងទៅតុលាការខេត្តដើម្បីធ្វើការផាកពិន័យទៅតាមបទល្មើសជាក់ស្តែងដែលពួកគេបានប្រព្រឹត្ត។ លោកបានបន្តទៀតថា កម្មករវៀតណាមទាំង៣នាក់នេះ បានប្រគល់ទៅឲ្យនគរបាលអន្តោប្រវេសន៍ ចំណែកឧបករណ៍ដែលរឹបអូស បានរក្សាទុកនៅមន្ទីររ៉ែ។

លោក ជា ប៊ុនធឿន ស្នងការរងទទួលបន្ទុកផ្នែកអន្តោប្រវេសន៍ខេត្តបានបញ្ជាក់ឲ្យដឹងតាមទូរសព្ទថា ពាក់ព័ន្ធរឿងជនជាតិវៀតណាម៣នាក់ដែលដាក់ម៉ាស៊ីនខួងរ៉ែថ្មនៅភូមិសាស្រ្តស្រុកកូនមុំនេះ គឺខាងមន្ទីររ៉ែបានធ្វើការដោះស្រាយតាមផ្លូវច្បាប់ហើយ៕

ឃាត់ខ្លួនជនជាតិវៀតណាម

ឃាត់ខ្លួនជនជាតិវៀតណាម

ឃាត់ខ្លួនជនជាតិវៀតណាម

ឃាត់ខ្លួនជនជាតិវៀតណាម

ឃាត់ខ្លួនជនជាតិវៀតណាម

ឃាត់ខ្លួនជនជាតិវៀតណាម

ឃាត់ខ្លួនជនជាតិវៀតណាម

ឃាត់ខ្លួនជនជាតិវៀតណាម

ឃាត់ខ្លួនជនជាតិវៀតណាម

មតិយោបល់