ឧត្តរមានជ័យៈ ប្រជាពលរដ្ឋទីទាល់ក្រចំនួន១៣០គ្រួសារ ដែលរស់នៅតាមបណ្តាភូមិ ឃុំ នានាក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ នៅក្នុងបរិវេណសាលាស្រុកត្រពាំងប្រាសាទថ្មី ។
ក្នុងនោះដែរ អំណោយកាកបាទក្រហមកម្ពុជា នាំយកមកចែកនាពេលនេះ គឺធ្វើឡើងតាមរយៈ លោក យឹម ធិន អនុប្រធានកិត្តិយសគណៈកម្មាធិការសាខា តំណាងលោក ស ថាវី ប្រធានកិត្តិយសគណៈកម្មាធិការសាខាខេត្តឧត្តរមានជ័យ និងលោកស្រី ឯក សុវណ្ណភារៈ ព្រមទាំងសហការីផងដែរ។
ក្នុងការចែកអំណោយនោះដែរ លោក យឹម ធិន ក៏បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋគ្រប់រូប នូវទុក្ខលំបាកគ្រប់កាលៈទេសៈ ។
លោក បានបន្តថា ទោះបីជាជំនួយកាកបាទក្រហមកម្ពុជា តិចតួចមិនអាចតម្រូវការគ្រប់គ្រាន់ក្តី តែវាក៏អាចជួយដោះស្រាយ ដល់ពុកម៉ែបងប្អូនមួយរយៈពេលដែរ ។ កាកបាទក្រហមកម្ពុជាតែងតែជួយរាល់ទុក្ខ លំបាកប្រជាពលរដ្ឋមិនថា នៅទីណា និងលំបាកប៉ុណ្ណាក៏ដោយ ។ អំណោយកាកបាទក្រហមកម្ពុជា ដែលបានចែកជូននៅពេលនេះ ក្នុងមួយ គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម ត្រីខ១០ កំប៉ុង ទឹកត្រី១យួរ មី១កេះ មុង១ ក្រមា១ ភួយ១ សារុង១៕
មតិយោបល់