បន្ទាយមានជ័យៈ មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងរថយន្ត បណ្តាលឲ្យម្ចាស់បើកបរម៉ូតូស្លាប់ភ្លាមមួយរំពេច នៅវេលាម៉ោង៨យប់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ 268A ត្រង់ចំណុចប្រឡាយចិនស្ថិតក្នុងភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
អាវុធហត្ថភ្នំស្រុកបានឲ្យដឹងថា នៅមុនពេលកើតហេតុនោះមានរថយន្តម៉ាក កាម៉ារី ពណ៌សរ មិនស្គាល់ស្លាកលេខ បើកស្របទិសគ្នាក្នុងល្បឿនលឿន លុះបើកមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូម៉ាក វីវា ពណ៌ក្រហមពាក់ស្លាកលេខបន្ទាយមានជ័យ 1C2616 បើកដោយ ឈ្មោះ ធុន ធឿ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានបត់ម៉ូតូដោយមិនបានមើលមុខក្រោយក៏ត្រូវរថយន្តបុកចំពេញទំហឹង អូសជាច្រើនម៉ែត្របណ្តាលឲ្យស្លាប់ នៅនឹងកន្លែងកើតហេតុតែម្តង។
សមត្ថកិច្ចបានបន្ថែមថា ក្រោយពេលកើតហេតុរថយន្តបើករត់គេចខ្លួនបាត់តែម្តង។ ចំណែកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលឃុំស្រះជីកដើម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់៕
មតិយោបល់