ក្នុងពេលមានផ្ទៃពោះអ្នកម្តាយគ្រប់រូប ត្រូវតែលះបង់ទម្លាប់អាក្រក់ទាំងឡាយចោលឲ្យអស់ ទើបអាចឲ្យកូនទទួលបានសុខភាពល្អ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកម្តាយមិនព្រមផ្លាស់ប្តូរទម្លាប់អាក្រក់ក្នុងការរស់នៅ និងការទទួលទានទេនោះ ទារកនឹងមានបញ្ហាសុខភាព ជាពិសេសប៉ះពាល់ដល់ខួរក្បាលជាពុំខាន។
អ្នកជំនាញបានបង្ហាញដែរថា ទង្វើមួយចំនួនរបស់អ្នកម្តាយ អាចមានផលប៉ះពាល់យ៉ាងខ្លាំងដល់ខួរក្បាលទារកដែលកំពុងតែអភិវឌ្ឍ។
ទទួលទានគ្រឿងស្រវឹង ២ទៅ ៣កែវ
ក្នុងកំឡុងពេលមានផ្ទៃពោះ គ្រឿងស្រវឹងត្រូវបានហាមឃាត់ជាដាច់ខាត។ គ្រឿងស្រវឹងអាចធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការលូតលាស់របស់ទារក ជាពិសេសខួរក្បាល។
ជក់បារី
ការជក់បារីក្នុងពេលមានផ្ទៃពោះ គឺជាទង្វើមួយដ៏អាក្រក់បំផុត ព្រោះអាចប៉ះពាល់ដល់អាយុជីវិតរបស់ទារកក្នុងផ្ទៃបាន។ ការជក់បារីអំឡុងពេលនេះ ក៏អាចប៉ះពាល់ដល់សមត្ថភាពលូតលាស់ខួរក្បាលរបស់ទារកផងដែរ។
បញ្ហាស្ត្រេស
ចំពោះអ្នកម្តាយដែលឧស្សាហ៍មានបញ្ហាស្ត្រេសច្រើន ក៏អាចប៉ះពាល់ដល់ខួរក្បាលរបស់ទារកដែរ។ ពីព្រោះនៅក្នុងដំណាក់កាលនេះ លំហូរឈាមរវាងអ្នកម្តាយ និងកូន នឹងមានការផ្លាស់ប្តូរ។ ជាពិសេស ប្រសិនបើករណីនេះកើតឡើងចំថ្ងៃដំបូងដែលខួរក្បាលទារកចាប់ផ្តើមមានការអភិវឌ្ឍ នោះវាអាចបណ្តាលឲ្យមានភាពច្របូកច្របល់ក្នុងខួរក្បាលរបស់ទារក។
កង្វះលំហាត់ប្រាណ
ថ្វីបើកង្វះលំហាត់ប្រាណ គ្មានអ្វីប៉ះពាល់អ្វីធ្ងន់ធ្ងរដល់សុខភាពរបស់ទារកយ៉ាងណាក្តី តែអ្នកម្តាយគួរតែធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ ដើម្បីជួយជម្រុញសមត្ថភាពខួរក្បាលរបស់ទារក។ ដូច្នេះ អ្នកត្រូវចាប់ផ្តើមទម្លាប់ធ្វើរឿងមួយនេះឲ្យបាន ដើម្បីជួយដល់សុខភាព និងខួរក្បាលទារកក្នុងផ្ទៃមានអភិវឌ្ឍបានល្អ៕
មតិយោបល់