ព័ត៌មានជាតិ

រថយន្តដឹកឥដ្ឋបើកបោះពួយបុករថយន្តព្រូសពីក្រោយ រុញទៅបុករថយន្តដឹកដីរងការខូចខាតធ្ងន់ធ្ងរ

ភ្នំពេញ: រថយន្តដឹកឥដ្ឋមួយគ្រឿងបានបើកបោះពួយក្នុងល្បឿនលឿន បានជ្រុលទៅបុករថយន្តម៉ាកព្រូសមួយគ្រឿងពីក្រោយពេញទំហឹង រួចរុញទៅបុកផ្ទប់ជាមួយរថយន្ត ដឹកដីមួយគ្រឿងទៀតពេញទំហឹង បណ្តាលឱ្យរថយន្ត ទាំងអស់៣គ្រឿងបានរងការខូចខាត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ ៤និង២០នាទីរសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ នៅមុខមណ្ឌលកម្សាន្ត ភ្នំពេញសាហ្វារី តាមមហាវិថីឈ្នះឈ្នះក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រថយន្តដឹកឥដ្ឋដែលបង្កគ្រោះថ្នាក់ត្រូវបាននគរបាលឱ្យដឹងថា រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-9473 ។ ចំណែករថយន្ត ដែលរងគ្រោះ ម៉ាក ព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ​ 2BJ-8649 ជិះគ្នា ៣នាក់ប្តីប្រពន្ធនិងកូន និងមួយគ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3B-0162។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្ត ដឹកឥដ្ឋបានធ្វើដំណើរពីក្រោយស្របជាមួយរថយន្តព្រូសក្នុងទិសដៅពីកើតទៅលិច តាមបណ្តោយមហាវីថីឈ្នះឈ្នះ លុះពេលធ្វើដំណើរមកដល់កន្លែងកើតហេតុរថយន្តព្រូសក៏បានបង្អង់ល្បឿនឈប់ដើម្បីឱ្យរថយន្តដឹកដីមួយគ្រឿងឆ្លងកាត់ ខណ:នោះស្រាប់តែរថយន្តដឹកឥដ្ឋបានជ្រុលបុកពីក្រោយបុកពេញទំហឹង ហើយរុញរថយន្តព្រូសនោះទៅបុកផ្ទុបជាមួយរថយន្តដឹកដីដែលកំពុងតែបត់ឆ្លងផ្លូវ បណ្តាលឱ្យរថយន្ត ព្រូសរងកាខូចខាតទាំងមុខក្រោយយ៉ាងធ្ងន់ធ្ងរ ហើយរថយន្តដឹកឥដ្ឋខ្ទេចមុខ ចំណែករថយន្តដឹកដីបានរងការខូចខាតតិចតួច។

ក្រោយពីកើតហេតុភាគីទាំង អស់ដោះស្រាយតាមការខូចខាតសម្រួលគ្នាបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

មតិយោបល់