ព័ត៌មានជាតិ

HEDC បង្រៀនពីរបៀបក្លាយជាមាតាបិតាដ៏ឆ្នើម

ភ្នំពេញៈ ជំនាញដ៏ចាំបាច់និងកម្របានទទួលការបណ្តុះបណ្តាលមួយនេះ ពលរដ្ឋខ្មែរស្ទើ៩០ភាគរយ មិនដែលបានជួបនិងស្ទើរតែទាំងអស់មិនដែលបានដឹងថា ត្រូវធ្វើខ្លួនយ៉ាងដូចម៉្តេច ដើម្បីក្លាយជាមាតាបិតាដ៏ឆ្នើមរបស់បុត្រធីតារបស់ខ្លួននោះ នៅថ្ងៃទី៥ និង៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខអង្គការ HEDC អន្តរជាតិ នឹងរៀបចំវគ្គបណ្ដុះបណ្ដាលមួយ ស្តីអំពីជំនាញជាមាតាបិតា លេខរៀងទី១«របៀបក្លាយជាមាតាបិតាដ៏ឆ្នើម» នៅមជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន(CJCC) ក្នុងរាជធានីភ្នំពេញ។

មួយក្នុងចំណោមបញ្ហាប្រឈមចំបងៗជាច្រើនដែល នាយកសាលា លោកគ្រូ អ្នកគ្រូ និង ឪពុកម្តាយកំពុងជួបប្រទះ នោះគឺ របៀបធ្វើយ៉ាងណាឲ្យមាតាបិតា និងសាលាចូលរួមសហការជាមួយយ៉ាងសកម្មទៅលើការអប់រំកូនៗរបស់គាត់ ។ ឪពុកម្តាយជាច្រើនទទួលស្គាល់ថាខ្លួនមិនដឹងត្រូវចាប់ផ្តើមពីកន្លែងណា លើសពីនេះទៅទៀត ឪពុកម្តាយ និងជីដូនជីតា ជាញឹកញាប់តែងតែប្រព្រឹត្តទៅលើកូនឬចៅផ្ទុយពីអ្វីដែលកូនឬចៅរបស់គាត់បានរៀននៅសាលា។

ការបណ្តុះបណ្តាលពី «របៀបក្លាយជាមាតាបិតាដ៏ឆ្នើម» នេះត្រូវបានធ្វើឡើងដោយលោកគ្រូ Christopher Lee ដែលជាអ្នកជំនាញអភិវឌ្ឍមនុស្សប្រចាំអង្គការ HEDC អន្តរជាតិ និងជាអ្នកនិពន្ធសៀវភៅ OPERACY រួមទាំងមានវគ្គបណ្តុះបណ្តាលជាច្រើនរូបទៀតផងដែរ។

មន្រ្តីជំនាញផ្នែកនេះបានឲ្យដឹងថា ចាប់តាំងពីឆ្នាំ ១៩៨៣ លោកគ្រូ Christopher Lee បានធ្វើនូវវគ្គបណ្តុះបណ្តាលដើម្បីជួយទៅដល់លោកគ្រូ អ្នកគ្រូ ឪពុកម្តាយ និងផ្នែកខាងអប់រំដើម្បីពង្រីកនូវការយល់ដឹង និងជំនាញអនុវត្តផ្ទាល់ទៅលើការអភិវឌ្ឍន៍ចិត្តគំនិតរបស់កុមារនិងយុវជនក្នុងប្រទេសកម្ពុជា ហ្វីលីពីន ឥណ្ឌូនេស៊ី និងថៃ។

ក្នុងប្រទេសកម្ពុជាអង្គការ UNICEF បានចាត់តាំងរូបលោកឲ្យធ្វើនូវវគ្គបណ្តុះបណ្តាល និងជួយ NCT (គ្រូបណ្តុះបណ្តាលបង្គោលថ្នាក់ជាតិ) នៃក្រសួងអប់រំ យុវជន និងកីឡាសម្រាប់ការអប់រំថ្នាក់បឋមក្នុងការអភិវឌ្ឍន៍កម្មវិធីជំនាញសង្គមសាស្ត្រ ផ្លូវអារម្មណ៍ និងបរិស្ថានវិទ្យាដែលជាផ្នែកមួយនៃកម្មវិធីកុមារមេត្រី។

សូមជម្រាបថា ការបណ្តុះបណ្តាលជំនាញដ៏ចាំបាច់មួយនេះ មានរក្សាទុកនូវកន្លែងអង្គុយសម្រាប់ការផ្តល់ជូនពិសេស ៧០ដុល្លារម្នាក់ និង១០០ដុល្លារសម្រាប់ដៃគូ គិតត្រឹមថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦។ សម្រាប់តម្លៃធម្មតា គឺ១០០ដុល្លារ/ម្នាក់ ឬ ១៥០ដុល្លារ/ដៃគូ។

សម្រាប់តម្លៃនៃការបណ្តុះបណ្តាលជំនាញមួយនេះ ត្រូវបានគេមើលឃើញថា ប្រជាពលរដ្ឋក្រីក្រមិនមានលទ្ធភាពអាចទទួលបានការបណ្តុះបណ្តាល ឬបានដឹងពីរបៀបធ្វើខ្លួនឲ្យក្លាយជាឪពុកម្តាយល្អនោះឡើយ។ យ៉ាងណាពលរដ្ឋកម្ពុជាស្នើឲ្យមានការគិតគូរជាថ្មីលើតម្លៃមួយ ដើម្បីពួកគាត់មានលទ្ធភាពបានចូលសិក្សាលើជំនាញដ៏ចាំបាច់នេះផង ឬក៏អាចបញ្ចូលទៅក្នុងកម្មវិធីសិក្សារបស់សិស្ស និងកម្មវិធីអប់រំនានារបស់ជាតិនោះកាន់តែប្រសើរ៕

HEDCHEDCHEDC

មតិយោបល់