ភ្នំពេញៈ នៅក្នុងជំនួបជាមួយប្រតិភូយុវជនកម្ពុជា ចំនួន២៩នាក់ ដែលត្រូវចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤៣ ដែលបានរៀបចំឡើងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសំដែងការស្វាគមន៍ និងការកោតសរសើរចំពោះយុវជនឆ្នើមទាំង២៩នាក់ ដែលបានឆ្លងកាត់ការជ្រើសរើស ដើម្បីចូលរួមក្នុងកម្មវិធីដ៏មានអត្ថន័យនិងសារៈសំខាន់នេះ។
លោកទេសរដ្ឋមន្ត្រី បានណែនាំឲ្យប្រតិភូយុវជនយកចិត្តទុកដាក់ក្នុងការអនុវត្តន៍តាមអនុ-សាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ លោក បានគូសបញ្ជាក់ថា ការចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុននេះ គឺជាឱកាសដ៏វិសេសវិសាលមួយ សម្រាប់យុវជនយើងធ្វើការផ្សព្វផ្សាយពីការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា រួមទាំងអ្វីៗដែលជាមោទនភាពរបស់ប្រទេសជាតិ។ ទន្ទឹមនឹងនោះ ក៏ជាឱកាសសម្រាប់រៀនសូត្រ ផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក រវាងយុវជនដែលមកពីបណ្តាប្រទេសផ្សេងៗគ្នា។ លោកទេសរដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពចូលរួមដ៏សកម្មរបស់យុវជន ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម វប្បធម៌ ។ល។ និងក្នុងសកម្មភាពមនុស្សធម៌-សប្បុរសធម៌ផ្សេងៗ។
នៅក្នុងមតិសំណេះសំណាល លោកទេសរដ្ឋមន្ត្រី ក៏បានលើកពីការវិវត្តន៍ជាដំណាក់ៗនៃសភាពការណ៍ពិភពលោក ចាប់តាំងពីសង្គ្រាមលោកលើកទី២ ពីពិភពលោកគ្រប់គ្រងដោយប៉ូលចំនួនពីរ មកជាពិភពលោកគ្រប់គ្រងដោយប៉ូលចំនួនមួយ រហូតដល់បច្ចុប្បន្ន ដែលជាពិភពលោកពហុប៉ូល ហើយនិងការឆ្លុះបញ្ចាំងនៃការវិវត្តន៍របស់ពិភពលោកនេះ មកក្នុងការវិវត្តន៍នៃសភាពការណ៍នៅកម្ពុជាចាប់តាំងពីការធ្វើរដ្ឋប្រហារទម្លាក់ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ក្នុងឆ្នាំ១៩៧០ រហូតដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។
នៅក្នុងពិធីជួបសំណេះសំណាលនេះ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានឧបត្ថម្ភថវិកាជូនសមាជិកប្រតិភូយុវជនកម្ពុជាទាំង២៩នាក់ ដោយក្នុងម្នាក់ៗទទួលបានចំនួន ២០០,០០០រៀល។ ដើម្បីជាជំនួយដល់ការយល់ដឹង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចែកជូនដល់ប្រតិភូយុវជននូវឯកសារជំនួយស្មារតីខ្លីស្តីពីកម្ពុជា និងអាស៊ានដូចមានជូនភ្ជាប់ជាមួយផងដែរ៕
មតិយោបល់