ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៖ មន្រ្ដីគ្រប់គ្រងផ្នែកល្បែងកាស៊ីណូ ត្រូវបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពនិងជំនាញ

ភ្នំពេញៈ រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃបានលើកឡើងថា ការគ្រប់គ្រងអាជីវកម្មល្បែងកាស៊ីណូរបស់មន្រ្ដីក្រសួងហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវជ្រើសរើសយកធនធានមនុស្ស ដែលមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីគ្រប់គ្រងឲ្យបានល្អលើវិស័យអាជីវកម្មល្បែងពាណិជ្ជកម្មនៅកម្ពុជា។

ថ្លែងក្នុងវេទិកា ពិគ្រោះយោបល់ លើសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងរមណីយដ្ឋានសមាហរណ និងល្បែងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ នៅសណ្ឋាគារសុខាភ្នំពេញ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា «ដើម្បីគ្រប់គ្រងលើវិស័យពាណិជ្ជកម្មល្បែងឲ្យបានល្អ ចាំបាច់ត្រូវមានធនធានមនុស្សដែលមាន សមត្ថភាព ជំនាញច្បាស់លាស់ ដែលទាមទារការបណ្ដុះបណ្ដាលមន្រ្ដីក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច ទៅសិក្សាដកស្រង់បទពិសោធន៍ពីបណ្ដាប្រទេសជឿនលឿន»។

សម្ដេចក្រឡាហោមបញ្ជាក់ថា ការបណ្ដុះបណ្ដាលនេះ តម្រូវឲ្យមានការសិក្សាប្រមាណ១ឆ្នាំ ឬ៦ខែ ឬតិចបំផុតរយៈពេល៣ខែ ដើម្បីឲ្យមន្រ្ដីទទួលបាននូវចំណេះដឹង និងជំនាញគ្រប់គ្រាន់ ក្នុងការគ្រប់គ្រងលើវិស័យរមណីយដ្ឋានសមាហរណ និងល្បែងពាណិជ្ជកម្មនៅកម្ពុជា។ ការពង្រឹងសមត្ថភាពដល់មន្រ្ដីផ្នែកគ្រប់គ្រងលើវិស័យនេះ មិនមែនរាជរដ្ឋាភិបាលធ្វើការគៀបសង្កត់ គំរាមកំហែងដល់ប្រតិបត្តិករ កាស៊ីណូឬម្ចាស់អាជីវកម្មល្បែងស៊ីសងផ្សេងៗនោះទេ ប៉ុន្ដែដើម្បីធានានូវសុវត្ថិភាពដល់បញ្ហាសេដ្ឋកិច្ច ហិរញ្ញវត្ថុ សន្ដិសុខសង្គម ប្រាក់ចំណូល និងចំណេញរបស់ប្រតិបត្តិករ ដែលធ្វើអាជីវកម្មនៅកម្ពុជា។

សម្ដេចមានប្រសាសន៍ទៀតថា បន្ទាប់ពីសេចក្ដីព្រាងច្បាប់នេះ ត្រូវបានរដ្ឋសភា ព្រឹទ្ធសភា អនុម័តរួច នឹងនាំមកនូវដំណោះស្រាយល្អ ក៏ដូចជាសេដ្ឋកិច្ចជាតិ និងសង្គមកម្ពុជាទាំងមូល តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងការគ្រងគ្រងរមណីយដ្ឋាន សមា ហរណ និងល្បែងពាណិជ្ជកម្ម ដោយមុតមាំ និងសម ស្របតាមវិស័យ ព្រមទាំងមានលទ្ធភាព គ្រប់គ្រាន់ក្នុងការចូលរួមចំណែកយ៉ាងសំខាន់ក្នុង ការអភិវឌ្ឍន៍វិស័យទេសចរណ៍ និងសេដ្ឋកិច្ច។

លោកស្រី ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់ថា ការគ្រប់គ្រងសមាហរណ និងល្បែងពាណិជ្ជកម្មនេះ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកថា មិនត្រឹមតែបំពេញបាននូវគោលបំណងការពារបន្ទាត់ព្រំដែនប៉ុណ្ណោះទេ ប៉ុន្ដែរួមចំណែកចំពោះវិស័យ ទេសចរណ៍ បង្កើតទីផ្សារការងារ និងចំណូលថវិការដ្ឋទៀតផង។

លោកស្រីបន្ដថា ការតាក់តែងសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងរមណីយដ្ឋានសមា ហរណ និងល្បែងពាណិជ្ជកម្មនេះ ត្រូវបានធ្វើឡើងដោយមានការសិក្សាស្រាវជ្រាវយ៉ាងល្អិតល្អន់ រួមគ្នារវាងមន្រ្ដីជំនាញដែលមានបទពិសោធន៍ ក្នុងការគ្រប់គ្រងជាក់ស្ដែងរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ ស្របតាមបទដ្ឋានជាតិ និងអន្ដរជាតិដោយផ្ដោតជាសំខាន់លើ លក្ខណៈបច្ចេកទេស និងការគ្រប់គ្រងការប្រមូលចំណូល សន្ដិសុខ និងសុវត្ថិភាពសង្គម ពិសេស ការសិក្សាដកស្រង់បទពិសោធន៍ពីបណ្ដាប្រទេសជឿនលឿននៅលើពិភពលោក។

គួរបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងរមណីយដ្ឋានសមាហរណ និងល្បែង ពាណិជ្ជកម្មនេះ មានចំនួន១៣ជំពូក និង១២០មាត្រា ដែលមានគោលបំណងកំណត់ក្របខណ្ឌ គតិយុត្ដិ សម្រាប់ការគ្រប់ងគ្រង ការប្រមូលចំណូល និងការរក្សាសុវត្ថិភាព និងសន្ដិសុខសង្គម ព្រមទាំងផ្ដល់សិទ្ធិដល់នីតិបុគ្គល និងរូបវន្ដបុគ្គលក្នុងការធ្វើប្រតិបត្តិការដោយផ្ទាល់ ឬចូលរួមនៅ ក្នុងល្បែងពាណិជ្ជកម្ម កាស៊ីណូ ល្បែងអនឡាញ និងល្បែងពាណិជ្ជកម្មដទៃទៀត ឬធ្វើជាម្ចាស់កម្ម សិទ្ធិលើគ្រឹះស្ថាននៃទីតាំងប្រតិបត្តិការ រួមទាំងការអភិវឌ្ឍន៍រមណីយដ្ឋានសមាហរណនៅកម្ពុជា៕

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃរដ្ឋមន្រ្តីក្រសួងមហាផ្ទៃរដ្ឋមន្រ្តីក្រសួងមហាផ្ទៃរដ្ឋមន្រ្តីក្រសួងមហាផ្ទៃរដ្ឋមន្រ្តីក្រសួងមហាផ្ទៃរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

មតិយោបល់