ភ្នំពេញៈ កម្មវិធី ទស្សនកិច្ចវិមានសន្តិភាព ត្រូវបានបើកឲ្យដំណើរការជាផ្លូវការ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ នេះ ចំនឹងថ្ងៃគម្រប់ឆ្នាំទី៦ នៃការដាក់ឲ្យប្រើប្រាស់អគារវិមានសន្តិភាពជាផ្លូវការ។
កម្មវិធី ទស្សនកិច្ចវិមានសន្តិភាព គឺជាគំនិតផ្តួចផ្តើម និងការផ្តល់ឱកាសដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្រោមការចូលរួមចំណែករបស់សហភាព សហព័ន្ធយុវជនកម្ពុជា កម្មវិធីដំណើរទស្សនកិច្ចនេះ មានគោលបំណង៖ ១) ផ្តល់ឱកាសឲ្យយុវជន និងសាធារណជនទូទៅស្វែងយល់ អំពីមុខងារ និងការប្រើប្រាស់ វិមានសន្តិភាព និងអំពីការងារ សមិទ្ធផល និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល កម្ពុជា ក្នុងការនាំមកនូវសន្តិភាព និងការរក្សាតម្លៃនៃសន្តិភាព ២) បង្កើនភាពស្និទ្ធស្នាលរវាងប្រជាពលរដ្ឋទូទៅ និងថ្នាក់ដឹកនាំ ៣) ជំរុញទឹកចិត្តយុវជន ជំនាន់ក្រោយអំពីភាពជាគម្រូនៃភាពជាអ្នកដឹកនាំ និងតម្លៃនៃសន្តិភាព និង ៤) ពង្រីកស្មារតីមោទនភាពជាតិរបស់ប្រជាពលរដ្ឋខ្មែរចំពោះប្រជាជាតិកម្ពុជា តាមរយៈមហាស្ថាបត្យកម្ម វិមានសន្តិភាព។
ជាមួយនឹងការទទួលបានការគាំទ្រពីសំណាក់ប្រជាជន និងយុវជនកម្ពុជាគ្រប់មជ្ឈដា្ឋន ជាពិសេសការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាលើការចូលរួមរបស់យុវជនក្នុងដំណើរវិវត្ត អភិវឌ្ឍន៍ និងភាពរីកចម្រើនរបស់ប្រទេស នាពេលកន្លងមក សហភាពសហព័ន្ធយុវជនកម្ពុជា មានកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ដែលទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា និងកិច្ចសហការពីសំណាក់គណៈកម្មការគ្រប់គ្រង និងប្រើប្រាស់វិមានសន្តិភាព ដើម្បីចូលរួមរៀបចំកម្មវិធី «ទស្សនកិច្ចវិមានសន្តិភាព» នេះ ដែលប្រព្រឹត្តទៅនៅថ្ងៃសៅរ៍នៃសប្តាហ៍ណាមួយជារៀងរាល់មួយខែម្តង។
គម្រោងទស្សនកិច្ចនេះ នឹងប្រព្រឹត្តទៅតាមកម្មវិធី និងសកម្មភាពទស្សនកិច្ចតាមសាលសន្និសីទ និងបន្ទប់ប្រជុំសំខាន់ៗ ដោយរួមជាមួយខ្លឹមសារបរិយាយលើ ១) គោលបំណង មូលហេតុ និងប្រវត្តិនៃការកសាងវិមាន ២) រចនាបថ និងប្រភេទនៃស្ថាបត្យកម្ម ៣) ស្ថាបនិក និងស្ថាបត្យករ ៤) សាវតានៃការប្រើប្រាស់វិមានសម្រាប់កិច្ចប្រជុំ និងព្រឹត្តិការណ៍សំខាន់ៗ និងខ្លឹមសារពាក់ព័ន្ធដទៃទៀត។ សហភាពសហព័ន្ធយុវជនកម្ពុជា ជឿជាក់ថា កម្មវិធី ទស្សនកិច្ចវិមានសន្តិភាព នឹងផ្តល់ជូនដល់អ្នកចូលរួមទស្សនកិច្ចទាំងអស់ នូវមោទនភាពប្រកបដោយភាពវិជ្ជមាន និងការជឿជាក់លើកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកតម្លៃសុខសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍសង្គមកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងស្នាក់ការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា តាមរយៈអស័យដ្ឋានដូចខាងក្រោម ឬទូរស័ព្ទលេខ ០១២ ៦៩៣ ១៦៩ អ៊ីម៉ែល tour.peacepalace@gmail.com និងព័រហ្វេសប៊ុក www.facebook.com/peacepalacetourcambodia
មតិយោបល់