ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយបុរសម្នាក់ បានបើករថយន្តក្នុងល្បឿនលឿន ខ្វះការប្រុងប្រយត្ន័ជ្រុលទៅបុករទេះលក់ជើងមាន់ និងរទេះលក់គោដុតដែលកំពុងលក់នៅចិញ្ចើមផ្លូវពេញទំហឹង បណ្តាលឲ្យខ្ទាតរប៉ាត់រប៉ាយពេញដងផ្លូវរងការខូចខាត។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៤០នាទីយប់ថ្ងៃទី១៩ ខែតុលាឆ្នាំ២០១៦ ស្ថិតនៅចំណុចមុខពេទ្យរុស្សី តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមប្រភពពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ រថយន្តឡិចស៊ីស RX-300 មួយគ្រឿង បើកបរដោយបុរសម្នាក់ មកពីចំណុចស្ពានអាកាស ក្នុងល្បឿនលឿន លុះបានមកដល់ចំណុចកើតហេតុ ស្រាប់តេរថយន្តបង្ក បានជ្រុលល្បឿនរេចង្កូតមកបុករទេះ លក់ជើងមាន់ដែលកំពុងលក់ដូរខាងមុខពេទ្យរុស្សី បន្ទាប់មករថយន្តបង្ក បានបន្តហួសទៅបុករទេះលក់គោដុតបន្ថែមទៀតបណ្តាលឲ្យដួលខ្ទាតរប៉ាត់រប៉ាយរបស់ របរពេញលើដងផ្លូវ និងបណ្តាលឲ្យបុរសដែលជាអ្នកលក់គោដុត រងរបួសស្រាល។ ចំណែកអ្នកបើកបររថយន្តបង្ក គេចខ្លួនបាត់ ។
ប៉ុន្តែបើតាមការបង្ហើបឲ្យដឹងពីអ្នកដែលបានស្គាល់បានប្រាប់ថា អ្នកបើកបរជាមន្រ្តី ធ្វើការនៅក្រសួងមហាផ្ទៃ ព្រោះថាក្រោយពីកើតហេតុ មានកូនចៅនិងកូនបង្កើតរបស់អ្នកបើកបរ បានមកចចារជាមួយអ្នករងគ្រោះ តែយ៉ាងណាការចចារ មិនបានផល ទើបប៉ូលិសចរាចរណ៍ ខណ្ឌចំការមន ធ្វើកំណត់ហេតុ វាស់វែង និង យកមធ្យោបាយទាំងអស់ទៅកាន់អធិការខណ្ឌចំការមន ដើម្បីដោះស្រាយតាមច្បាប់បន្តទៀត៕
មតិយោបល់