ព័ត៌មានសិល្បៈ និងកម្សាន្ត

នាយចយ ឡើងតួឯក ក្នុងរឿងខ្នាតធំ

ភ្នំពេញៈ ចាត់ទុកជាការចាប់អារម្មណ៍ដែលតារាកំប្លែងមានមុខមាត់កម្រនៅក្នុងពិភពសិល្បៈ គឺនាយចយ ត្រូវគេជ្រើសឲ្យសម្ដែងជាតួឯកតែម្ដងនៅក្នុងខ្សែភាពយន្តខ្នាតធំមួយដែលកំពុងដំណើរការចេញថត។ នេះជាលើកទី១ដែលតារាកំប្លែងរូបនេះបានឡើងកាលីប សម្រាប់ភាពយន្តដាក់បញ្ចាំងតាមរោងកុន ខណៈដែលពេលកន្លងមកគេឃើញលោកបានសម្ដែងត្រឹមតែជាតួសំខាន់ក្នុងឈុតឆាកកំប្លែងរបស់ទូរទស្សន៍ និងជាតួក្លែមក្នុងរឿងម្ដងម្កាល។

លោកយូអ៊ីន ផលិតកររឿង «លង់ស្នេហ៍អ្នកគ្រូ» បានអះអាងថា នាយចយត្រូវបានផលិតកម្មបដិហារ្យភាពយន្តរបស់លោក តម្រូវឲ្យសម្ដែងតួឯក បន្ទាប់ពីក្រុមការងារយល់ថាការលើកតម្កើងចំពោះតារាដែលមានមុខមាត់ចម្លែករូបនេះឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល។ លោកថាក្នុងពេលកំណត់ជ្រើសភ្លាមៗ មានការទទូចជាច្រើនសូមឲ្យលោកផ្លាស់ប្ដូរតួសម្ដែង ដោយសារតែទីផ្សារអ្នកទស្សនាចង់មើលតែតួស្អាតៗ និងមានមុខមាត់ស្រស់សង្ហាឲ្យលេងក្នុងរឿងច្រើនជាង។ លោកថានេះជាការយល់ឃើញពីការរើសអើង ប៉ុន្តែក្រុមការងារទាំងមូលនៅតែប្រកាន់ជំហរទទួលយកនាយចយឲ្យសម្ដែងតួឯកសម្រាប់រឿងនេះ។ យ៉ាងណាមិញ នៅក្នុងរឿង«លង់ស្នេហ៍អ្នកគ្រូ»មិនមែនសម្ដែងតួឯកតែនាយចយជាតួឯកម្នាក់ឯងនោះទេ ដោយសារតែក្នុងផ្ទៃរឿងក៏មានតួឯ២គូផ្សេងទៀតអមនៅក្នុងរឿងនោះផងដែរ។ លោកថានឹងក្លាយជារឿងប្លែកភ្នែក ដែលតួមានមុខមាត់ចម្លែក ត្រូវគេឲ្យចេញសម្ដែងតួឯកក្នុងភាពយន្តខ្នាតធំ ហើយតម្រូវឲ្យដើរតួជាបុរសសម្បូរស្នេហ៍ខុសពីមុខមាត់ខាងក្រៅរបស់លោកនោះទៅទៀត។ លោកថាឈុតឆាករបស់នាយចយនឹងធ្វើឲ្យមានភ្ញាក់ផ្អើលនៅពេលខ្សែរឿងដាក់បញ្ចាំង។ ម្យ៉ាងមកពីតួអង្គរូបនេះមិនធ្លាប់ត្រូវបានគេជ្រើសឲ្យសម្ដែងជាតួឯកសម្រាប់ភាពយន្តខ្នាតធំនោះផងទើបជារឿងដែលមានអ្នកចាប់អារម្មណ៍ជាស្រេចសម្រាប់ខ្សែរឿងរបស់ខ្លួន។ លោកថាខ្សែរឿង«លង់ស្នេហ៍អ្នកគ្រូ»ជារឿងបែបកំប្លែង និងបង្កប់ដោយការអប់រំខ្ពស់ ហើយចំពោះការចំណាយក៏ច្រើនណាស់ដែរបើធៀបនឹងរឿង«គំនុំខ្មោចក្រមុំទាំង៣»ដែលបានទទួលជោគជ័យក្នុងពេលដាក់បញ្ចាំង។ លោកថាខ្សែរឿងមួយនេះមានការសម្ដែងដោយតារាល្បីៗរួមមានកញ្ញា ឌុច លីដា តារាចម្រៀងលោកសេម និងតារាមានឈ្មោះបោះសំឡេងជាច្រើនរូបទៀត។ ក្នុងនោះសូម្បីតែជាតួនិស្សិតដែលត្រូវថតនៅតាមសាលា ក៏លោកជ្រើសយកតារាធំៗឲ្យសម្ដែងផងដែរ ដើម្បីរំលេចផ្ទៃរឿង។ លោកថាវត្តមាននាយចយចេញសម្ដែងតួឯក នោះភាពយន្តខ្នាតធំរបស់ខ្លួននឹងទទួលបានការចាប់អារម្មណ៍ បើទោះជារឿងមួយនេះមិនទាន់ច្បាស់ពីពេលវេលាថតចប់ និងការដាក់បញ្ចាំងតាមរោងនៅឡើយ។

ពាក់ព័ន្ធឱកាសចេញសម្ដែងតួឯកនេះ នាយចយមិនទាន់បានចេញមុខសម្ដែងពីអារម្មណ៍នោះទេ ខណៈដែលពេលកន្លងមក លោកធ្លាប់អះអាងថាតាំងពីចេញលេងកុន គឺមិនដែលមានផលិតករហ៊ានជ្រើសឲ្យសម្ដែងតួឯក៕

ចយចយចយចយចយចយចយ

មតិយោបល់