ភ្នំពេញៈ ក្នុងឱកាសពិព័រណ៍ទេសចរណ៍ចិន-អាស៊ានឆ្នាំ២០១៦ នៅទីក្រុង Guilin តំបន់ពិសេសក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានជួបសវនាការជាមួយលោក Zhang Xiaoqin អភិបាលរងនៃតំបន់ពិសេសក្វាងស៊ី។
បើតាមមន្រ្តីព័ត៌មានក្រសួងទេសចរណ៍បានឱ្យដឹងថា “នៅក្នុងជំនួបសវនាការនោះភាគីទាំងពីរបានឯកភាពគ្នាលើចំណុចជាច្រើន ក្នុងនោះបានឯកភាពបង្កើនជើងហោះហើរពីក្វាងស៊ីមកកម្ពុជា និងជំរុញការតភ្ជាប់តាមផ្លូវអាកាសពីតំបន់ទេសចរណ៍កូលឹងមកកម្ពុជាឲ្យបានក្នុងពេលពេលឆាប់ៗខាងមុខ”។
លើសពីនេះ ភាគី ក្វាងស៊ី បានការកោតសរសើរនិងរីករាយចំពោះយុទ្ធសាស្ត្រត្រៀមទទួលភ្ញៀវទេសចរចិន (China Ready) របស់កម្ពជា និងបានឯកភាពគ្នាពង្រីកព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ចិន អាស៊ាន ឲ្យកាន់តែល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ ដោយគៀងគរអ្នកវិនិយោគិន និងប្រតិបត្តិករទេសចរណ៍ ចិន អាស៊ានឲ្យមកចូលរួមបណញតាក់ទុនវិនិយោគនៅកម្ពុជាឲ្យបានកាន់តែច្រើន។
មួយវិញទៀត ភាគីក្វាងស៊ី នឹងជំរុញឲ្យក្រុមហ៊ុន Alibaba ទៅសិក្សា និងវិនិយោគផលិតផលទេសចរណ៍នៅកម្ពុជាឲ្យបានឆាប់រហ័ស ពិសេសជួយបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍និងផ្តល់បទពិសោធន៍ល្អៗក្នុងការគ្រប់គ្រង រមណីយដ្ឋាននិងគោលដៅទេសចរណ៍នៅកម្ពុជា។
សូមបញ្ជាក់ថា ពិព័រណ៍ទេសចរណ៍ចិន-អាស៊ានឆ្នាំ២០១៦នៅទីក្រុង Guilin តំបន់ពិសេសក្វាងស៊ីនៃសាធារណរដ្ឋប្រជាមានិតចិនបានចាប់ផ្តើមពីថ្ងៃទី២០ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦៕




មតិយោបល់