កំពង់ឆ្នាំងៈ ប្តី-ប្រពន្ធ២នាក់បានរងរបួសធ្ងន់ពេលជិះម៉ូតូឌុបគ្នា ត្រូវរថយន្តសាំយ៉ុងបុកពីក្រោយពេញទំហឹង បណ្តាលឲ្យដួលសន្លប់ស្តូកស្តឹងកណ្តាលទ្រូងផ្លូវ កាលពីវេលាម៉ោង៦និង១០នាទីល្ងាច ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ នៅចំណុចមុខវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនរលាប្អៀរ តាមកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាប្តីឈ្មោះ ឡូញ អាយុ៣៦ឆ្នាំ និងប្រពន្ធឈ្មោះ សេត អាយុ៣៤ឆ្នាំ រស់នៅក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ បានជិះម៉ូតូម៉ាកសេ១០០កូរ៉េ ពណ៌ក្រហម អត់ស្លាកលេខ ធ្វើដំណើរពីត្បូងទៅជើង នៅពេលមកដល់ចំណុចកើតហេតុ ជនរងគ្រោះ បានបត់ឆ្វេង ជួនពេលនោះ រថយន្តម៉ាកសាំយ៉ុងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២V-៣៨៣០ ដែលបើកក្នុង ល្បឿនលឿន ក្នុងទិសដៅស្របគ្នា បានបុកម៉ូតូសង់កូរ៉េពេញមួយទំហឹង បណ្តាលឲ្យជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធ រងរបួសធ្ងន់សន្លប់ស្តូកស្តឹង។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ចំណែកអ្នកបើកបរថយន្តបង្កបានចុះរត់គេចខ្លួនបាត់ ទុករថយន្តចោលនៅកន្លែងកើតហេតុ។ ករណីនេះ សមត្ថកិច្ចបានធ្វើការវាស់វែងប្លង់កើតហេតុតាមនីតិវិធី និងបានយករថយន្ត ជាមួយម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់៕




មតិយោបល់