កំពង់ឆ្នាំងៈ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ឆ្នាំងធ្វើការឃាត់ខ្លួន ខណៈពេលធ្វើសកម្មភាពចែកចាយ ប្រើប្រាស់និងរក្សាទុក នូវសារធាតុញៀនខុសច្បាប់។
ហេតុការណ៍បង្ក្រាបនេះ ធ្វើឡើងនៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ ម្សិលមិញនៅចំណុចផ្ទះរបស់ឈ្មោះ សេង ចិន្តា ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានឲ្យដឹងថា ស្ថិតនៅក្នុងការបង្ក្រាបនេះ ជនសង្ស័យ ទី១.ឈ្មោះ វង្ស វាសនា ភេទប្រុសអាយុ១៩ឆ្នាំ រស់នៅក្នុងភូមិត្រពាំងបីសង្កាត់ផ្សារឆ្នាំង ទី២.ឈ្មោះ ថោង ច័ន្ទមុន្នី ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចដកហូតបានម្សៅក្រាមពណ៌សថ្លា៣កញ្ចប់តូច និង១កញ្ចប់ធំ រួមនឹងសម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួនផងដែរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២នាក់ បានសារភាពថា ថ្នាំញៀនទាំង៣កញ្ចប់ខាងលើជារបស់ខ្លួនបានទិញយកមកសម្រាប់ប្រើប្រាស់ និងធ្វើការចែកចាយបន្ត។ ក្រោយការសាកសួរជនសង្ស័យទាំង២ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្ត ដើម្បីចាត់តាមនីតិវិធីច្បាប់៕
មតិយោបល់