មណ្ឌលគិរីៈ វាពិតជាមិនធ្លាប់មានពីមុនមក ដែលមន្ត្រីៗរបស់ស្ថាប័នរដ្ឋបានប្រកាសប្តឹងផ្តល់គ្នាយ៉ាងដាច់អហង្ការក្នុងអង្គប្រជុំនោះ តែពេលនេះបានកើតឡើងនូវរឿងរ៉ាវបែបនេះហើយ ពោល គឺប្រធានមន្ទីររ៉ែថាមពលខេត្តមណ្ឌលគិរី បានប្រកាសជាចំហ ប្តឹងប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត ខណៈចូលរួមប្រជុំនៅរដ្ឋបាលសាលាខេត្តនោះ។
បើតាមមន្ត្រីរដ្ឋបាលសាលាខេត្តបានឲ្យ Post News ដឹងថា នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នេះនៅក្នុងកិច្ចប្រជុំសាលាខេត្តលោកប្រធានមន្ទីររ៉ែនិងថាមពលខេត្តមណ្ឌលគិរីឈ្មោះ សាន់ ដារឹទ្ឋ បានប្រកាសដោយចំហ នៅចំពោះមុខអង្គប្រជុំថា លោកប្តឹងប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី គឺលោក សី ទូច ដែលចោទរូបលោកថា បានរំលោភយកដីរបស់មន្ទីរវប្បធម៌ចំនួន០,៦ហិកតាជាង ក្នុងតំបន់គ្រប់គ្រងភ្នំដោះក្រមុំ ស្ថិតក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ។
សេចក្តីរាយការណ៍បានប្រាប់ទៀតថា ក្នុងកិច្ចប្រជុំនោះបានធ្វើឲ្យបរិយាកាសប្រែទៅជាអាប់អួ ដោយសារតែមន្ត្រីទាំងនោះដំឡើងសរសៃកដាក់គ្នា។
យ៉ាងណាក៏ដោយ Post News មិនអាចសុំការបំភ្លឺពី ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី លោក សី ទូច និងលោកសាន់ ដារឹទ្ធ ប្រធានមន្ទីររ៉ែថាមពល បន្ថែមបានទេ នៅព្រឹកថ្ងៃទី២០ ខែតុលានេះ។ ប៉ុន្តែរឿងរ៉ាវខាងលើនេះ កើតឡើងយូរដែរហើយ និងចេះតែចោទគ្នាទៅវិញទៅមក៕
មតិយោបល់