ព័ត៌មានជាតិ

ប្លន់ទៀតហើយ នៅខណ្ឌឫស្សីកែវ!

ភ្នំពេញ: យុវជន២នាក់ត្រូវជនល្មើសមួយក្រុមជិះម៉ូតូដេញតាមប្លន់ពីក្រោយ ភ័យពេកបានដួលម៉ូតូ ត្រូវបានជនល្មើសលើកជិះយកទៅបាត់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី២១ ខែតុលាឆ្នាំ២០១៦ ស្ថិតនៅតាមផ្លូវលេខ៥៩៨ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បើតាមសម្តីជនរងគ្រោះម្នាក់ឈ្មោះ យូ ហាន ស្នាក់នៅខណ្ឌព្រែកព្នៅ បានប្រាប់ថាមុនពេលកើតហេតុ គឺរូបគេនិងមិត្តភក្តិម្នាក់ទៀតមកពីផឹកស៊ីដោយជិះម៉ូតូមួយគ្រឿង ម៉ាកMSX ពណ៌ខ្មៅ មិនចាំស្លាកលេខ ដែលត្រូវក្រុមចោរដេញប្លន់យកទៅបាត់នោះមកពីម្តុំទួលសង្កែ។

ជនរងគ្រោះបានបន្តទៀតថា ស្រាប់តែខ្លួននិងមិត្តភក្តិកំពុងតែជិះលើផ្លូវលេខ៥៩៨ក្នុងគោលបំណងទៅផ្ទះនៅឯព្រែកព្នៅនោះ ក៏មានជនល្មើសមួយក្រុមជិះម៉ូតូ២គ្រឿងម៉ាកហុងដាសេ១២៥ តាមពីក្រោយ ឃើញដូចនោះជនរងគ្រោះទាំង២នាក់ភ័យពេកខំប្រឹងជិះម៉ូតូរត់តែ ជិះមកជិតដល់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ បានដួលម៉ូតូក៏ធ្វើឲ្យក្រុមចោរដេញប្លន់ទាំងនោះបានមកទាន់ហើយក៏ដេញវាយជនរងគ្រោះទាំង២នាក់ រត់ចែកជើងគ្នាធ្វើឲ្យក្រុមប្លន់លើកយកម៉ូតូជនរងគ្រោះជិះចេញទៅបាត់ដោយសុវត្ថិភាព។

ក្រោយកើតហេតុជនរងគ្រោះទាំង២នាក់បានត្រឹមតែទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទួលសង្កែទាំងសោកស្តាយម៉ូតូដែលក្រុមចោរប្លន់យកទៅ៕

ប្លន់

ប្លន់

ប្លន់

ប្លន់

មតិយោបល់