បន្ទាយមានជ័យៈ មិនថាប្រជាពលរដ្ឋ ឬអធិការនគរបាលក្រុងប៉ោយប៉ែតទេ សុទ្ធតែបានរងការរំខាន និងប៉ះពាល់ ពីធូលី ស៊ីម៉ង់ត៍ របស់ក្រុមហ៊ុនស៊ីម៉ងត៍អូដ្ឋ មួយកន្លែងស្ថិតនៅចំពីមុខ អធិការក្រុងប៉ោយប៉ែត និងធ្វើឲ្យពួកគាត់មានប្រតិកម្មសូមឲ្យអាជ្ញាធរជួយដោះស្រាយ។
ជាមួយនឹងការរិះគន់នេះ ប្រជាពលរដ្ឋ បានរអ៊ូរទាំថា ជារៀងរាល់ថ្ងៃ គ្រប់ពេលដែលក្រុមហ៊ុនស៊ីម៉ង់ត៍អូដ្ឋ ចាប់ផ្តើមប្រតិបត្តិការការងារ បន្ទាប់ពីរថយន្តថៃដឹកស៊ីម៉ង់ត៍ ពីប្រទេសថៃ មកស្ដុក ឬ ចែកចាយបន្ត ដោយផ្ទេរពីការ៉ុង តូចធំចាក់ចូលក្នុងស៊ីទែករថយន្ត ធ្វើឲ្យស៊ីម៉ង់ត៍ហុយ ប៉ះពាល់ដល់លំនៅឋាន ចូលម្ហូបអាហារ និងចូលច្រមុះពេលដកដង្ហើម បង្ករឲ្យមានជម្ងឺផ្នែកផ្លូវដង្ហើម។ ពួកគាត់បានសំណូមពរ សូមឲ្យអាជ្ញាធរជួយចាត់វិធានការទៅលើទីតាំងខាងលើ ដើម្បីឲ្យពួកគាត់បានរស់នៅ ប្រកបដោយ សុវត្ថិភាព និងសុខភាព។
ទាក់ទងនឹងបញ្ហាខាងលើនេះដែរ លោក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត ដែលជាអ្នករងផល ប៉ះពាល់ផងដែរ បានឲ្យដឹងថា សូមឲ្យប្រជាពលរដ្ឋរងផលប៉ះពាល់ដាក់ពាក្យបណ្តឹងទៅសាលាសង្កាត់ ដើម្បីឲ្យមានវិធានការណែនាំ ហើយលោកនឹងធ្វើការអញ្ជើញខាងក្រុមហ៊ុន មកធ្វើការណែនាំ ធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់អ្នកជិតខាង ដូចជាកងកម្លាំងរបស់លោកដែរ។
គួរបញ្ជាក់ថា ជារៀងរាល់ថ្ងៃ ក្រុមហ៊ុនស៊ីម៉ង់ត៍ និងឃ្លាំងទំនិញ ជាច្រើន នៅក្នុងប៉ោយប៉ែត តែងបង្កការរំខាន ដល់អ្នកជិតខាង និងសណ្តាប់ធ្លាប់សាធារណៈ តាមរយៈរថយន្តដឹកទំនិញ ឈប់យ៉ាងអាណាធិបតេយ្យ បង្កការកក់ស្ទះចរាចរណ៍ និងបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរដទៃ ដូចជាកន្លងមកការទាក់ខ្សែភ្លើង ដួលបង្គោលភ្លើងបោកប៉ះអ្នកធ្វើដំណើរតាមផ្លូវស្លាប់ក៏មាន៕





មតិយោបល់