ស្ទឹងត្រែង: អាវុធហត្ថខេត្តបានធ្វើការចុះជួយចែកទឹកដល់ប្រជាពលរដ្ឋ ដែលខ្វះខាតទឹកសម្រាប់ប្រើប្រាស់ ប្រចាំថ្ងៃ ស្ថិតក្នុងឃុំស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦នេះ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់ កំពុងប្រឈមនឹងការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ខណៈពេលដែលរដូវប្រាំងឈានចូលមកដល់ ជាពិសេសគឺ ខែមីនា នឹងខែមេសា ឆ្នាំ២០១៦ នេះតែម្តង អាកាសធាតុមានការប្រែប្រួលក្តៅខ្លាំងបណ្តាលឲ្យទឹកអណ្តូងនឹងទឹកត្រពាំងរីងហួតហែង។
ចំពោះការខ្វះខាតទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋខាងលើនេះអាវុធហត្ថខេត្តក៏បានចុះអន្តរាគមន៍ជួយចែកទឹកដល់ពលរដ្ឋដែលជួបការលំបាកទាំងនោះផងដែរ ក្នុងនោះមានភូមិអន្លុងក្រមួន និងភូមិស្រែឬស្សី ស្ថិតក្នុងឃុំស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិត្រពាំងចែងម៉ែងបានប្រាប់ឲ្យដឹងថា រាល់ឆ្នាំពេលដែលរដូវប្រាំងចូលមកដល់ពួកគាត់មិនដែលជួបប្រទះរឿងបញ្ហាខ្វះខាតទឹកប្រើប្រាស់ដល់ថ្នាក់នេះទេ។ ទើបតែឆ្នាំនេះស្រាប់តែមានការប្រែប្រួលអាកាសធាតុឡើងកំដៅក្តៅខ្លាំងធ្វើឲ្យអ្នកភូមិ អ្នកស្រុក ជួបទុក្ខលំបាកបែបនេះតែម្តង។
ជុំវិញការកង្វល់របស់ប្រជាពលរដ្ឋក្នុងភូមិ ឃុំ ខាងលើ ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តស្ទឹងត្រែងទាំងមូល ពេលដែលជួបទុក្ខលំបាក អាវុធហត្ថខេត្តតែងតែជួយយកអាសានិងដោះស្រាយដល់ប្រជាពលរដ្ឋទាំងអស់នោះគ្រប់ពេលវេលា៕
មតិយោបល់