ព័ត៌មានជាតិ

ម៉ូតូបត់ឆ្វេងមិនប្រយ័ត្ន ស្របពេលរថយន្តបើកលឿន បុកពេញទំហឹង ស្លាប់ម្នាក់ និងរបួស៣នាក់

កំពង់ធំៈ លោកប្រធានការិយាល័យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់ និងរបួសស្រាល៣នាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៥០នាទី រសៀល ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៦២ ចំណុចមុខខ្លោងទ្វារចូលវត្តបុព្វវ័ន ហៅវត្តខ្មាក់ ភូមិវាលល្ពាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

លោកបានបន្តថា ជនរងគ្រោះមានឈ្មោះទី១ ឈាន ធួក ភេទស្រី អាយុ ៥៩ឆ្នាំ ស្លាប់នៅមន្ទីរពេទ្យបង្អែកសាលាវិស័យ,ទី២ឈ្មោះ គឹម ឆឹង ភេទប្រុស អាយុ៩ឆ្នាំ របួសស្រាល និងទី៣ឈ្មោះ គឹម នាង ភេទស្រី អាយុ ៦ឆ្នាំ របួសស្រាល អ្នកទាំង៣នាក់ខាងលើ ស្នាក់នៅភូមិខ្មាក់ ឃុំសាលាវិស័យ ស្រុកប្រសាទបល្ល័ង្ក ខេត្តកំពង់ធំ។

លោកបានបន្តទៀតថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកកាមរី ពណ៌ស្លែ ពាក់ស្លាកលេខ ពោធិ៍សាត់2A-0397 បើកបរដោយឈ្មោះ ប៊ុត ចាន់ចេស្តា ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិអូរពោធិ ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ លុះមកដល់ចំណុចកើតហេតុ បានបុកម៉ូតូក្នុងទិសដៅស្របគ្នា ម៉ាកហុងដាវេវអេស ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប1H-0905 បណ្តាលឲ្យអ្នកជិះ និងអ្នករួមដំណើរជាមួយចំនួន៣នាក់ ស្លាប់និងរបួសតែម្តង។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង ធ្វើកំណត់ហេតុ និងនាំយករថយន្តនិងម៉ូតូមករក្សាទុកនៅអធិកាដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្ក។ ចំណែកសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

មូលហេតុជាបឋមបង្កឡើងដោយអ្នកជិះម៉ូតូបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន រួមផ្សំនិងអ្នកបើកបររថយន្តបើកមានល្បឿនលឿន៕

មតិយោបល់