ព័ត៌មានជាតិ

លោក ប្រាក់ សុខុន ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី៥ នៃសន្និសីទ អន្តរ សកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី

តាមការអញ្ជើញរបស់លោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួម “កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី៥ នៃសន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅ អាស៊ី (CICA)” ដែលបានប្រព្រឹត្តទៅពីថ្ងៃទី ២៧ ដល់ទី២៨ ខែមេសា ឆ្នាំ២០១៦ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

កិច្ចប្រជុំ បានធ្វើការពិភាក្សាផ្លាស់ប្តូរយោបល់ស្តីពីសភាពការណ៍សន្តិសុខដែលប្រែ ប្រួលយ៉ាងស្មុគស្មាញ និងគួរព្រួយបារម្ភនៅតំបន់អាស៊ី ទាំងមូល បណ្តាលមកពីជំលោះ អធិបតេយ្យភាព អំពើភេរវកម្ម ជ្រុលនិយមប្រកបដោយហិង្សា ការជួញដូរគ្រឿងញៀន ខុសច្បាប់ និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត។ អង្គប្រជុំបានសំដែងនូវការឯកភាពខាងទស្សនៈ ស្តីពីភាពចាំបាច់ក្នុងការកសាងនូវបរិស្ថាន ជាប់លាប់មួយ សំរាប់សន្តិភាព និងសន្តិសុខរួម គ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរ តាមរយៈការពិគ្រោះយោបល់ កិច្ចពិភាក្សា ការចរចា កិច្ចសហប្រតិបត្តិការ និងការអនុវត្តន៍វិធានការកសាងទំនុកចិត្តក្នុងក្របខ័ណ្ឌនានា នៃសន្និសីទ អន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី។

ក្នុងបទអន្តរាគមន៍ថ្លែងទៅកាន់កិច្ចប្រជុំ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ជាអាទិ៍ថា ស៊ីកា (CICA) គឺជាវេទិកាពិភាក្សានយោបាយមួយដ៏ល្អរវាងបណ្តាសមាជិកដោយផ្អែក លើការពិគ្រោះយោបល់ កិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងមិនប្រឈមមុខដាក់គ្នា។ យើងគួរតែបន្តអភិវឌ្ឍផ្អែកលើអាណត្តិរបស់ស៊ីកា ដើម្បីដាក់ចេញ និងអនុវត្ត វិធានការ កសាងទំនុកចិត្តច្បាស់លាស់ថែមទៀត ដែលអាចរួមចំណែកដល់ការរក្សាបាននូវសន្តិភាព សន្តិសុខ ស្ថេរភាព និងសំខាន់បំផុតគឺការអភិវឌ្ឍន៍ ប្រកបដោយចីរភាព។

លោកទេសរដ្ឋមន្ត្រីបានបន្តទៀតថា ៖ “សន្តិសុខ និង ការអភិវឌ្ឍន៍ប្រកបដោយ ចីរភាព គឺជាធាតុពីរដែលមិនអាចកាត់ផ្តាច់ពីគ្នាបាន។ សន្តិភាព និងសន្តិសុខ នឹងជួប ហានិភ័យ ប្រសិនបើគ្មានការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ នេះគឺជាការពិតដោយផ្អែក លើបទពិសោធន៍ដែលប្រទេសខ្ញុំបានឆ្លងកាត់បន្ទាប់ពីកិច្ច ព្រមព្រៀងសន្តិភាពទីក្រុងប៉ា រីស ឆ្នាំ ១៩៩១។ មានសន្តិភាព សន្តិសុខ និងស្ថេរភាពនយោបាយ កម្ពុជាសំរេចបានកំណើន សេដ្ឋកិច្ចលើសពី៧%ក្នុងរយៈពេលជាងពីរទសវត្សរ៍ កន្លងមកនេះ។ ដូចនេះ យើងគួរសហការ គ្នាបង្កើតការប្រឹងប្រែងរួម និងមានប្រសិទ្ធភាព ដើម្បីជម្នះបញ្ហាប្រឈម និងភាពខុសគ្នាដ៏ច្រើន ហើយឆ្លៀតប្រើប្រាស់នូវកាលានុវត្ត ភាពទាំងឡាយដើម្បីកសាងសន្តិភាព”។

លោក បន្តទៀតថា ៖ “កម្ពុជាសូមស្វាគមន៍ការបង្កើតទំនាក់ទំនងរវាង លេខាធិការ ដ្ឋាន CICA និងអាស៊ាន និងស្វាគមន៍សំណើរបស់ចិនក្នុងការទទួលធ្វើជាម្ចាស់ផ្ទះ សំរាប់កិច្ចប្រជុំ កំពូលស៊ីកាលើកទី៥ ឆ្នាំ២០១៨ និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសស៊ីកាលើកទី៦ ឆ្នាំ ២០២០”។

កិច្ចប្រជុំ បានអនុម័តលើ “សេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី៥ នៃសន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី” ដែលរួមមានខ្លឹមសារ សំខាន់ៗ គឺ ៖ កិច្ចប្រជុំអះអាងថា ពុំមានប្រទេស រឺក្រុមប្រទេសណាមួយ មានសិទ្ធិអន្តរាគមន៍ ដោយ ផ្ទាល់ រឺដោយប្រយោល ទោះជាក្នុងហេតុផលអ្វីក៏ដោយ ចូលកិច្ចការផ្ទៃក្នុង រឺ ផ្ទៃក្រៅ របស់ប្រទេសមួយផ្សេងទៀតឡើយ។

កិច្ចប្រជុំបានសំដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប្រឈមផ្នែកសន្តិសុខនៅអាស៊ី និងនៅទីកន្លែងផ្សេងទៀត ដែលបង្ក ឡើងដោយការកើនឡើងនូវការគំរាមកំហែង និងអំពើភេរវកម្ម។

កិច្ចប្រជុំអះអាងជាថ្មី នូវការប្តេជ្ញាចិត្តបង្កើនកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងការ ប្រឈមឆ្លងដែន ដូចជាឧក្រិដ្ឋ កម្មមានការចាត់តាំង ការរត់ពន្ធគ្រឿងញៀន ការជួញដូរ មនុស្ស និងឧក្រិដ្ឋ កម្ម តាមបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា។

កិច្ចប្រជុំស្វាគមន៍ការបង្កើតសហគមន៍អាស៊ាន នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៥ និង ការខិតខំរបស់អាស៊ានក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ ដើម្បីលើកស្ទួយ សន្តិភាព និងសន្តិសុខតំបន់។

កិច្ចប្រជុំជំរុញការបង្កើតឡើងនូវទំនាក់ទំនងរវាងលេខាធិការដ្ឋាន របស់ CICA និង របស់អាស៊ាន។ សន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី គឺជាវេទិកាអន្តររដ្ឋាភិបាលសំរាប់បង្កើនកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការជំរុញសន្តិភាព សន្តិសុខ និងស្ថេរភាពនៅអាស៊ី៕

PRAK-SOKON-

មតិយោបល់