កំពង់ធំៈ បុរសម្នាក់បានស្លាប់ នៅក្នុងទឹកស្ទឹងសែន ដោយសារតែទឹកប្តូរនិស្ស័យ ជំរុញឲ្យចិត្តក្លាហាន ហ៊ានចុះហែលទឹកស្ទឹងទាំងស្ថានភាពស្រវឹងជោក ក្នុងខណៈដែលទឹកស្ទឹងកំពុងតែហូរខ្មួលខ្មាញ់ កាលពីវេលាម៉ោង៥និង30នាទីល្ងាច ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិប្រឡាយ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
ម្ដាយជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សោម សំ ហៅ ថោង ថាត អាយុ៣៨ឆ្នាំ នៅភូមិ ឃុំ កើតហេតុខាងលើ បានផឹកស្រាស្រវឹងជាប្រចាំថ្ងៃ តែអកុសល ថ្ងៃកើតហេតុកូនគាត់បានផឹកស្រាស្រវឹង រួចចុះមុជទឹកស្ទឹងសែនក៏លង់ទឹកស្លាប់តែម្ដង។
សមត្ថកិច្ចនគរបាល បានទទួលព៌ត័មាន ក៏នាំកម្លាំងជំនាញប៉ុស្តិ៍រដ្ឋបាលសហការជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងធ្វើកោសល្យវិច័យឃើញថា ពុំមានស្លាកស្លាមរបួសកន្លែងណាពាក់ព័ន្ធករណីឃាតកម្មឡើយ ទើបសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន រួចប្រគល់សាកសពជូនសាច់ញាតិ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
គួររំឭកដែរថា ក្នុងឆ្នាំ២០១៦នេះ ខេត្តកំពង់ធំបានស្លាប់បាត់បង់ជីវិត អស់៦នាក់ហើយ ដោយសារតែការផឹកស្រា ហើយនាំគ្នាទៅរកត្រី បង់សំណាញ់ និងចុះហែលទឹកលេង ក្នុងស្ថានភាពស្រវឹងជោកជាំ បណ្តាលឲ្យស្លាប់ជាច្រើនករណី ក្នុងរដូវវស្សានេះ៕
មតិយោបល់