សៀមរាបៈ សាហាវមែនហ៊ានប្លន់យកម៉ូតូជិតសាលាខេត្តសៀមរាប សំណាងល្អត្រូវកម្លាំងអាវុធហត្ថតាមប្រមាញ់ ចាប់ខ្លួនបក្ខពួកចំនួន២នាក់ ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់។ ក្នុងប្រតិបត្តិការនេះដែរ ក៏មានការប៉ះទង្គិចគ្នាបណ្តាលឲ្យមន្ត្រីអាវុធហត្ថម្នាក់រងរបួសផងដែរ។ ការបង្ក្រាបក្រុមចោរប្លន់នេះ បានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅផ្លូវ៦០ម៉ែត្រ ក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
មន្ត្រីអាវុធហត្ថ បានឲ្យដឹងថា ជនសង្ស័យមានគ្នា ៣នាក់ប្រដាប់ដោយកាំបិត បុ័ងតោ២ដើម និងម៉ូតូ០១គ្រឿងម៉ាក សេ១០០ ពណ៌ខ្មៅ ស៊េរី៩៩ ពាល់ស្លាកលេខ ណ4613 ភព1 បានយកកាំបិតទៅភ្ជង់ ជនរងគ្រោះ២នាក់ ទី១ឈ្មោះ ឈៀង រតនា ភេទ ស្រី អាយុ១៦ឆ្នាំ មុខរបរលក់ដូរ ទីលំនៅក្រុមទី១ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង សៀមរាប និងជនរងគ្រោះ ទី២ឈ្មោះ អេង វ៉ាន់និត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្សរស់នៅភូមិគោកក្រសាំង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ក្នុងនោះដែរក្រុមជនសង្ស័យ បានធ្វើសកម្មភាពវាយយកបាន ទូរស័ព្ទ១គ្រឿងម៉ាក samsung ពណ៌ស បន្ទាប់មកជនសង្ស័យបានភ្ជង់ យកម៉ូតូតែមិនបានសម្រេច ដោយកម្លាំងកងរាជអាវុធហត្ថ ល្បាតទៅទាន់ហើយបានដេញប្រផាប់ ចាប់ប្រភីង ដោយកម្លាំងអាវុធហត្ថចល័ត គ១៤ ចំនួន៣ម៉ូតូ កម្លាំងអាវុធហត្ថ ក្រុង និងជំនាញខេត្ត។
អាវុធហត្ថ បានបន្ថែមថា ជាលទ្ធផលបង្ក្រាប ជនសង្ស័យចំនួន ២នាក់ ក្នុងនោះជនសង្ស័យទី១ឈ្មោះ សុខ សារ៉ាត់ ភេទ ប្រុស អាយុ ២៥ ឆ្នាំ។ទី២ ឈ្មោះ សុខ រិន ភេទ ប្រុស អាយុ២៧ឆ្នាំ ចំណែកជនសង្ស័យម្នាក់ទៀត ឈ្មោះ សុខ ស៊ីណា ភេទ ប្រុស អាយុ២០ឆ្នាំ បានរត់គេចខ្លួនបាត់។ ជនសង្ស័យទាំង៣នាក់ មាន មុខរបរ ជាងធ្វើ តុ ទូ ស្នាក់នៅ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប មានស្រុកកំណើត នៅភូមិព្រែកតារដ្ឋ សង្កាត់ព្រែកតាសេក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបន្ថែមថា វត្ថុតាងដកហូតរួមមាន ទូរស័ព្ទ០២គ្រឿង និងម៉ូតូ០១គ្រឿង ម៉ូតូជនរងគ្រោះម៉ាក សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៥ និងម៉ូតូ ហុងដា១០០ ស៊េរី១៩៩៩ (ម៉ូតូជនសង្ស័យ) ។
យោងតាមចម្លើយសារភាពជនសង្ស័យ បក្ខពួករបស់គេធ្លាប់ធ្វើសកម្មភាព នៅក្នុងរាជធានីភ្នំពេញ ចំនួន៣លើក និងសៀមរាប២លើក ។ លើកទី១ នៅភូមិគីឡូលេខ៧សង្កាត់គីឡូលេខ៧ ខណ្ឌឫស្សីកែវ។លើកទី២ នៅវត្តភ្នំសង្កាត់ដូនពេញ ខណ្ឌដូនពេញ។ លើកទី៣នៅផ្សាដើមពោធិ៍ សង្កាត់ព្រែកភ្នៅ ខណ្ឌព្រែកភ្នៅ។ លើកទី៤ ថ្ងៃ១៨ ខែតុលា ឆ្នាំ២០១៦ នៅខាងលិចរង្វង់មូលផ្លូវ៦០ម៉ែត្រ ខេត្តសៀមរាប។លើកទី៥ យប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នៅខាងជើង រង្វង់មូលផ្លូវ៦០ម៉ែត្រ ខេត្តសៀមរាប។ បច្ចុប្បន្នកម្លាំងអាវុធហត្ថកំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់