ព័ត៌មានជាតិ

ខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែងបញ្ជូនជនសង្ស័យ៥នាក់ ទៅតុលាការពាក់ពន្ធ័បទល្មើសនេសាទ

ស្ទឹងត្រែង: ជនសង្ស័យចំនួន៥នាក់ ពាក់ពន្ធ័នឹងសំណុំរឿងបទល្មើសនេសាទ ត្រូវបានខណ្ឌរដ្ឋបាលជលផល ខេត្តស្ទឹងត្រែងបញ្ជូនទៅកាន់តុលាការដើម្បីសម្រេចឃុំខ្លួន នៅពន្ធនាគារ។

លោក ទុំ នីរ៉ូ ប្រធានស្តីទី ខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង បានឲ្យដឹងថា បទល្មើស នេសាទនៅតាមតំបន់មួយចំនួន ត្រូវបានកម្លាំងរដ្ឋបាលជលផល រួមសហការជាមួយនិងនគរបាលនៃអធិការដ្ឋាន រដ្ឋបាលជលផលមេគង្គ និងរដ្ឋបាលជលផលថ្នាក់ជាតិ អាជ្ញាធរ មូលដ្ឋាន កម្លាំងឆ្មាំទន្លេ សហគមន៍នេសាទ បរិស្ថាននុរក្ស នគរបាលប៉ុស្តិ៍រដ្ឋបាល វរ:សេនាតូចនគរបាលព្រំដែនគោកលេខ៧០១ វរ:សេនាតូចយោធាការពារព្រំដែន លេខ៤២៣ប្រចាំការនៅតំបន់អូរតាឡាស់ បានចុះបង្ក្រាបបទល្មើសជលផល សម្រេចបានជាលទ្ធផលក្នុងនោះរួមមាន រឹបអូសនិងចំផ្លាញចោលនូវឧបករណ៍ដាយ ចំនួន១៥មាត់ មានប្រវែងសរុប២៧៦ម៉ែត្រ ,បង្គោល២០០ដើម ,ក្តាបន្ទះបះធ្វើព្រួល១២០សន្លឹក, តង់១ ថ្នង់ដួសត្រី៤,ទ្រុងប្រស់ត្រី១ ជៀលផ្តៅ១,កញ្ច្រែងជ័រ១កានចំណុះ៣០លីត្រ១, រឹបអូស ទូកពីជនសង្ស័យឆក់ត្រី ៣គ្រឿង, ម៉ាស៊ីន៣គ្រឿង, ក្បាលឆក់៥គ្រឿង អាគុយ៣គ្រឿង ,សំណាញ់១វង់, ម្សៅថ្នាំពុល១កំប៉ុង, មងក្រឡាតូចចំនួនជាង១,៥ សង់ទីម៉ែត្រ និងធំជាង ១៥សង់ទីម៉ែត្របានប្រវែង៣៨,០០២ម៉ែត្រ សន្ទូចចំនួន ននោង លួចដាក់នៅក្នុងតំបន់ អភិរក្សចំនួន១,២២១ផ្លែ។

លោកបន្តថា ក្នុងនោះជំនាញបានឃាត់ខ្លួនមនុស្សចំនួន៥នាក់ កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត បានណែនាំអប់រំអ្នកនេសាទកុំឲ្យនេសាទដោយមងគ្រប់ ប្រភេទក្នុងតំបន់អភិរក្ស និងមងប្រវែងលើសពី១០០ម៉ែត្រ ក្នុងរដូវបិទនេសាទបានចំនួន ១៩៣ទូក ធ្វើការប្រមាណនិងធ្វើកិច្ចសន្យាឲ្យបញ្ឈប់នេសាទដោយមងប្រវែងជាង១០០ ម៉ែត្រក្នុងរដូវបិទនេសាទចំនួន១៧៨ទូក ក្នុងរយ:ពេល១០ខែ ចាប់ពីខែមករា ២០១៦ដល់ ខែតុលា ឆ្នាំ២០១៦ ។

លោកបានបន្តថា សកម្មភាពនេសាទខុសច្បាប់នោះរួមមានការនេសាទដោយឧបករណ៍ឆក់ និងប្រើប្រាស់សារធាតុពុល។ ទន្ទឹមនឹងនោះ កម្លាំងជំនាញរួមទាំង កម្លាំងសហការនៅតែបន្តការបង្ក្រាបឲ្យមានប្រសិទ្ធធានាបានការការពារធនធានធម្មជាតិនិងលុបបំបាត់រាល់សកម្មភាពល្មើសច្បាប់ទាំងផងដែរ៕

បទល្មើសនេសាទ

បទល្មើសនេសាទ

បទល្មើសនេសាទ

មតិយោបល់