ព័ត៌មានជាតិ

សមត្ថកិច្ចនាំខ្លួនឃាតក ដែលប្រពន្ធជួលឲ្យសម្លាប់ប្ដី យកទៅធ្វើត្រាប់

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២២ ខែតុលា នេះ កម្លាំងកងរាជអាវុធរាជធានីភ្នំពេញបាននាំខ្លួនឃាតកឈ្មោះ សូ ផា ហៅ អ៊ួក អាយុ២៩ឆ្នាំ យកទៅត្រាប់ពីសកម្មភាព ដែលខ្លួនបានសម្លាប់ជនរងគ្រោះ ហើយចងបន្តោកដុំថ្មទម្ងន់ជាង១០គីឡូក្រាមទម្លាក់ចូលក្នុងប្រឡាទឹកស្អុយ នៅចំណុចខាងក្រោយសួនកាណាឌីយា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមបញ្ជាក់ផងដែរថា មានការភ្ញាក់ផ្អើល ពេលប្រទះឃើញសពបុរសម្នាក់មិនស្គាល់អត្តសញ្ញាណត្រូវបានស្លាប់ក្នុងប្រឡាយចាក់សំរាមដោយចងផ្អោបជាមួយដុំថ្មជាង១០គីឡូក្រាម កាលពីវេលាម៉ោង១០និង៣០នាទីថ្ងៃទី១៤ ខែតុលា ខែ២១០៦ នៅចំណុចតាមបណ្តោយផ្លូវលំខាងក្រោយសួនកាណាឌីយ៉ា ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ក្រោមការស្រាវជ្រាវ និងស៊ើបអង្កេតរបស់កងរាជអាវុធហត្ថភ្នំពេញសហការជាមួយអាវុធហត្ថខេត្តស្វាយរៀងបានកំណត់មុខសញ្ញាជនសង្ស័យ រហូតដល់ល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង៦និង៣០នាទី អាវុធហត្ថខណ្ឌពោធិសែនជ័យនៃរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជនដៃដល់នៅម្តុំរោងចក្រកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមចម្លើយសារភាពរបស់ឃាតកបានបញ្ជាក់ថា ខ្លួនពិតជាបានសម្លាប់ជនរងគ្រោះដោយផ្ទាល់ដៃប្រាកដមែន។

ដើមហេតុនៃរឿងឃាតកម្មនេះ គឺឃាតកឈ្មោះ សូ ផា ហៅអ៊ូក និងជនរងគ្រោះឈ្មោះ កៅ ផា អាយុ៥០ឆ្នាំ រាប់គ្នាជាឪពុកធម៌ និងកូនធម៌។ រយៈពេលជាងពីរខែមកនេះ ជនរងគ្រោះបានយកលុយ ដែលកូនធ្វើការនៅកូរ៉េផ្ញើមកឲ្យសន្សំទុកចំនួន ១២,០០០ដុល្លារ ទិញឡាន១២កៅអី រត់តាក់ស៊ី និងចាកចេញពីផ្ទះ មករស់នៅជាមួយប្រពន្ធចុង ទើបប្រពន្ធដើមរបស់ជនរងគ្រោះ បានប្រាប់ឈ្មោះ សូ ផា ជាកូនធម៌ ឲ្យជួយធ្វើយ៉ាងណាយកឡានរបស់ប្តីគាត់ ត្រឡប់ទៅផ្ទះវិញឲ្យបាន គាត់ឲ្យ១,០០០ដុល្លារ។ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល៣ល្ងាចឃាតកបានទូរស័ព្ទមកជនរងគ្រោះ ដើម្បីជួលឡានទៅសៀមរាបក្នុងតំលៃ២៥០$ ដោយប្រាប់ជនរងគ្រោះថា ចាំទទួលគូដណ្តឹងមកពីប្រទេសកូរ៉េនៅព្រលានយន្តហោះខេត្តសៀមរាប ដោយចេញដំណើរនៅថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០១៦។

នៅម៉ោង១រំលងអធ្រាត្រថ្ងៃទី១០ ឈានចូលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ជនរងគ្រោះបានទៅដល់ព្រលានយន្តហោះគេប្រាប់ថា មិនមានជើងយន្តហោះពីកូរ៉េមកចុះនៅសៀមរាបទេ ហើយក៏ត្រឡប់មកភ្នំពេញវិញជាមួយជនសង្ស័យ។ នៅតាមផ្លូវជនសង្ស័យបានដាក់ថ្នាំងងុយដេកក្នុងទឹកផ្លែឈើឲ្យជនរងគ្រោះផឹក តែជនរងគ្រោះមិនបានផឹក រហូតភ្លឺស្រាងៗមកដល់ព្រំប្រទល់សៀមរាបកំពង់ធំ ជនរងគ្រោះបានឈប់ឡានបម្រុងចុះជុះនោម ក៏ត្រូវជនសង្ស័យយកដំបងវាយកញ្ចឹងក និងក្បាលពីក្រោយរហូតដល់ស្លាប់ និងលើកសពដាក់ឡានយកមកភ្នំពេញទុកចោលមួយថ្ងៃ ដល់ថ្ងៃទី១២ ខែ១០ ឆ្នាំ២០១៦ ទើបយកដុំថ្មចងផ្អោបជាមួយសាកសពទម្លាក់ចូលក្នុងប្រឡាយក្បែររោងចក្រកាណាឌីយ៉ាតែម្តង ហើយក៏សម្ងំលាក់ខ្លួនក្នុងផ្ទះជួលក្បែរហ្នឹង រហូតដល់ថ្ងៃទី២០ ខែ១០ ឆ្នាំ២០១៦ ក៏ត្រូវអាវុធហត្ថឃាត់ខ្លួនបានតែម្ដង៕

https://youtu.be/M7aCDsboo80

photo_2016-10-22_10-45-39photo_2016-10-22_10-45-33photo_2016-10-22_10-45-34photo_2016-10-22_10-45-35photo_2016-10-22_10-45-36photo_2016-10-22_10-45-38

មតិយោបល់