ក្រចេះ: ជនសង្ស័យម្នាក់ត្រូវបាន កម្លាំងនគរបាលស្រុកស្នួលឃាត់ខ្លួន បន្ទាប់ពីរូបគេ យកលុយដុល្លារចំនួន៣០សន្លឹកជាលុយក្លែងក្លាយ (លុយសែន) ទៅធ្វើចរាចរបន្លំភ្នែកម្ចាស់ឈើ ក្នុងជំនួញទិញលក់ឈើនៅក្បែរព្រំដែន ក្នុងភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។
កម្លាំងនគរបាលបានឲ្យដឹងថា ក្រដាស់ប្រាក់ដុល្លារក្លែងក្លាយចំនួន៣០សន្លឹក ដែលនគរបាលបានកំណត់ថា ជាលុយក្លែងក្លាយ(លុយសែន) មានប្រភេទក្រដាស់១០ដុល្លារ និងក្រដាស់៥ដុល្លារ ចំនួន២១៥ដុល្លារ ត្រូវដកហូតបានពីជនសង្ស័យ ឈ្មោះ ផល ចិន្តា អាយុ២២ឆ្នាំ រស់នៅស្រុកស្នួល ដែលមានចេតនាយកទៅទិញឈើ ពីម្ចាស់ឈើម្នាក់ កាលពីថ្ងៃទី២០ ខែតុលា នៅក្បែរព្រំដែន។
អធិការនគរបាលស្រុកស្នួល លោក ចាន់ សុខគីម បានឲ្យដឹងថា ក្រោយពីឃាត់ខ្លួន ជនសង្ស័យបានប្រាប់សមត្ថកិច្ចថា លុយដុល្លារក្លែងក្លាយ(លុយសែន)ទាំងនេះ គឺរូបគេទិញពីផ្សារស្នួល ក្នុងតម្លៃ៧ពាន់រៀល និងបានយកប្រាក់ទាំងនេះទៅបន្លំទិញឈើពីម្ចាស់ឈើម្នាក់នៅចំនុចខាងលើ។
ជនសង្ស័យបានបន្តថា ក្រោយពីរូបគេបានយកលុយក្លែងក្លាយនោះទៅទិញឈើ និងបានដឹកឈើនោះទៅលក់បានចំណេញលុយជិត២០ម៉ឺនរៀល ក៏ត្រូវបាន កម្លាំងនគរបាលស្រុកចាប់ខ្លួនតែម្តង។
លោក កែវ សុខគៀន នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឲ្យដឹងថា ក្រោយការឃាត់ខ្លួនមកសាកសួរជនសង្ស័យ រួមទាំងវត្ថុតាងដែលដកហូតបានមានលុយដុល្លារ ក្លែងក្លាយជាច្រើនសន្លឹកនេះ ត្រូវបាននគរបាលស្រុកកសាងសំណុំរឿងចាត់បញ្ជូនខ្លួនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី២១ ខែតុលា ដើម្បីចាត់វិធានការបន្តតាមនីតិវិធី៕
មតិយោបល់