ភ្នំពេញៈ បុរសម្នាក់ដែលគេសង្ស័យថាផឹកស្រារហូតស្រវឹងធ្លាក់ភ្នែក បានបើកបររថយន្តរបស់ខ្លួនជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តរួញអស់មួយកំណាត់មុខ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង កាលពីម៉ោង៤ទៀបភ្លឺឆ្លងចូល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ នៅចំណុចមុខផ្ទះលេខ២៣៥ ផ្លូវលេខ២១៧ (មុន្នីរ៉េត) ក្បែរស្ពានអាកាសស្ទឹងមានជ័យ ក្រុមទី៥២ ភូមិ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាកកាមរីពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2z-5048 បើកបរដោយបុរសម្នាក់ អាយុប្រមាណជាង៤០ឆ្នាំ។
សាក្សីនៅកន្លែងកើតហេតុបានប្រាប់ថា មុនពេលកើតហេតុ គេបានឃើញរថយន្តបង្កខាងលើបើកបរដោយបុរសម្នាក់សង្ស័យស្រវឹងធ្លាក់ភ្នែក បើកក្នុងល្បឿយ៉ាងលឿនតាមបណ្តោយផ្លូវលេខ២១៧ (មុន្នីរ៉េត) ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុក៏បានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តរួញអស់មួយកំណាត់មុខ ចំណែករបាំងថ្ម ក៏ខួចខាតផងដែរ។ ប៉ុន្តែអ្វីដែលជាការកត់សម្គាល់នោះ បុរសម្នាក់ក្រោយពេលកើតហេតុ ទោះបីរថយន្តរបស់ខ្លួនបានបុករួញអស់យ៉ាងណាក្តី ក៏បុរសម្នាក់នេះ នៅដេកក្នុងឡានធ្វើព្រងើយដែរ។
ក្រោយពេលវាស់វែងរួច ទាំងរថយន្តបង្ក និងអ្នកបើកបរត្រូវបានប៉ូលិសស្ទូចយកទៅការិយាល័យ ចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយជាក្រោយ៕
មតិយោបល់