ភ្នំពេញៈ ខណៈដែលជនជាតិវៀតណាមម្នាក់ ពាក់ព័ន្ធសំណុំរឿង ក្លែងបន្លំឯកសារ ធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ កំពុងស្ថិតក្នុងកណ្ដាប់ដៃរបស់តុលាការ ពេលនេះស្រាប់តែលេចធ្លាយ រឿងផ្សេងថា មានអ្នករត់ការចង់ដោះលែងជនជាប់ចោទ និងមន្រ្តីនគរបាលអន្តោប្រវេសន៍ពាក់ផ្កាយ១ម្នាក់ នឹងត្រូវតុលាការកោះហៅ។
ប្រភពព័ត៌មានបង្ហើបប្រាប់ Post News ចេញពីតុលាការក្រុងភ្នំពេញថា ជនជាប់ចោទឈ្មោះ ង្វៀង ហ្វាយស៊ុន ហៅ វេង ស៊ុន ឬហៅតាបៃ ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិវៀតណាម ពេលនេះត្រូវបានគេរត់ការប្រុងដោះលែង ខណៈដែលសំណុំរឿងមួយនេះ អាចមានការពាក់ព័ន្ធមន្រ្តីនគរបាលនៅអគ្គនាយដ្ឋានអន្តោប្រវេសន៍ម្នាក់ ឋានន្តរស័ក្តិផ្កាយ១។
ប្រភពបន្តថា មន្រ្តីនគរបាលដែលមានឋានន្តរស័ក្តិផ្កាយ១នោះ ឈ្មោះ ឆន វុត្ថា មានតួនាទីជានាយករង ហើយពេលនេះសង្ស័យមានការកោះហៅដោយតុលាការ ដើម្បីសាកសួរជុំវិញបទល្មើសដ៏រសើបមួយនេះ។ ទោះជាបែបណាលោក ឆន វុត្ថា អង្គភាពសារព័ត៌មាន Post News មិនអាចស្វែងរកការទំនាក់ទំនងសុំពន្យល់បានទេ ជុំវិញការចោទទាំងនេះ។
សូមរំលឹកថា កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះទោស បុរសជនជាតិវៀតណាមម្នាក់ ពាក់ព័ន្ធសំណុំរឿង ក្លែងបន្លំឯកសារ ធ្វើអត្តសញ្ញាណប័ណ្ណជនជាតិខ្មែរ ឲ្យជនជាតិវៀតណាមចំនួន៥១នាក់។
ជនជាប់ចោទឈ្មោះ ង្វៀង ហ្វាយស៊ុន ហៅ វេង ស៊ុន ហៅតាបៃ ភេទប្រុស អាយុ ៦៣ឆ្នាំ ជនជាតិវៀតណាម ត្រូវបានលោក គង់ សំសារ៉េត តំណាងអយ្យការចោទប្រកាន់ពីបទក្លែងបន្លំ ប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុងឆ្នាំ២០១៥ និង២០១៦ យោងតាមមាត្រា ៦២៦ នៃក្រមព្រហ្មទណ្ឌ។
នៅក្នុងសវនាការជនជាប់ចោទបានសារភាពថា ខ្លួនពិតជាបានទទួលលុយរត់ការធ្វើលិខិត ស្នាមឲ្យជនជាតិវៀតណាមចំនួន ៥១នាក់ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណជនជាតិខ្មែរពិតប្រាកដមែន។ ជនជាប់ចោទបន្តថា គាត់បានស្គាល់ឈ្មោះមន្ត្រីនគរបាលអន្តោប្រវេសន៍ ឋានៈផ្កាយ១ ហើយមន្ត្រីម្នាក់នោះសន្យាថា ធ្វើអត្តសញ្ញាណប័ណ្ណជនជាតិខ្មែរឲ្យជនជាតិវៀតណាមបាន។ ក្រោយមកឈ្មោះ ឆន វុត្ថា បានប្រើឈ្មោះ អៀង ជាកូនចៅរៀបចំធ្វើអត្តសញ្ញាណប័ណ្ណជនជាតិខ្មែរឲ្យជនជាតិវៀតណាមទាំងនោះ ប៉ុន្តែការងារនោះមិនបានសម្រេចទេ ត្រូវសមត្ថកិច្ចឃាត់ខ្លួនគាត់តែម្តង ហើយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ ខ្លួនត្រូវតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារព្រៃស។
ដោយសារតែសំណុំរឿនេះពាក់ព័ន្ធនឹងមន្ត្រីនគរបាលអន្តោប្រវេសន៍ លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមជំនុំជម្រះបានសម្រេចលើកពេលបន្តសវនាការនៅពេលក្រោយទៀត ដើម្បីឲ្យមានការតទល់គ្នារវាងជនជាប់ចោទ និងនគរបាលអន្តោប្រវេសន៍ដែលរងការចោទប្រកាន់៕
មតិយោបល់