ព័ត៌មានជាតិ

លោក ហ៊ុន មាណែត ដឹកនាំសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ពិនិត្យព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅខេត្តពោធិសាត់ជាលើកជាទី២

ពោធិ៍សាត់ៈ ប្រជាពលរដ្ឋចំនួន៣.៧៣៤នាក់នៅក្នុងស្រុកក្រគរ ខេត្តពោធិសាត់ បានទទួលបានសេវាពិនិត្យនិងព្យាបាល ដោយឥតគិតថ្លៃពីសំណាក់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ ដែលសកម្មភាពមនុស្សធម៌នេះដឹកនាំដោយ លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោនិលោកជំទាវព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់អង្គការ អជ្ញាធរ ស្រុក ខេត្ត យុវជន ក្រុមហ៊ុន ស្ថាប័នដែលពាក់ព័ន្ធនិង ប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា បើទោះបីជាប្រមុខរាជរដ្ឋាភិបាលគឺសម្តេចតេជោ ហ៊ុន សែន រវល់នឹងការងារជាតិជាច្រើនយ៉ាងណាក៏ដោយ ក៏លោកមិនដែលភ្លេចពីសុខទុក្ខរបស់ប្រជាពលរដ្ឋឡើយ។ ជាក់ស្តែង សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានស្នើឲ្យសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោតេជោ ចុះពិនិត្យព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅខេត្តពោធិសាត់នេះ។ លើសពីនេះក៏នៅមានសកម្មភាពមនុស្សធម៌ជាច្រើនទៀតកំពុងចុះជួយប្រជាពលរដ្ឋតាមបណ្តាខេត្តផ្សេងៗ ដែលសកម្មភាពទាំងនេះគឺជាការចូលរួមក្នុងការលើកម្ពស់សុខមាលភាពប្រជាពលរដ្ឋពីសំណាក់រាជរដ្ឋភិបាល។

លោក ម៉ៅ ធនិន្ទ អភិបាលនៃគណអភិបាលខេត្តពោធិសាត់ បានមានប្រសាសន៍ថា ជំនួសមុខឱ្យប្រជាពលរដ្ឋនៅក្នុងខេត្តទាំងមូលសូមថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូជាប់ជានិច្ចពីសុខទុក្ខប្រជាពលរដ្ឋបាន និងបានធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងភាពសុខសាន្ត និងការអភិវឌ្ឍនៅទូទាំងប្រទេសនិយាយជារួមនិងនិយាយដោយឡែកនៅក្នុងខេត្តពោធិសាត់នេះ។ លោក បានថ្លែងអំណរគុណក្រុមគ្រូពេទ្យ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ អង្គការ ក្រុមហ៊ុន យុវជន និងស្ថាប័នដែលពាក់ព័ន្ធដែល ដែលបានចុះពិនិត្យព្យាបាលនិងវះកាត់ជូនប្រជាពលរដ្ឋដោយគិតថ្លៃនៅក្នុងខេត្តពោធិសាត់នេះ។

ប្រជាពលរដ្ឋដែលបានទទួលបានពិនិត្យនិងព្យាបាល ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយនិងថ្លែងអំណរគុណចំពោះសកម្មភាពមនុស្សធម៌ដ៍ល្អប្រពៃរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។

តាមរបាយការណ៍របស់គ្រូពេទ្យបានឱ្យដឹងថា ការពិនិត្យនិងព្យាបាលជូន ប្រជាពលរដ្ឋឥតគិតថ្លៃនៅក្នុងខេត្តពោសាត់នៅពេលនេះ បានពិនិត្យព្យាបាលជម្ងឺទូទៅ ពិនិត្យស្ត្រីដែលមានផ្ទៃពោះ វះកាត់តូច ព្យាបាលជម្ងឺមាត់ធ្មេញ ពិនិត្យភ្នែកត្រចៀកបំពង់ក ពិនិត្យអេកូបេះដូង ពិនិត្យភ្នែក ពិនិត្យឈាម និងបញ្ជូនទៅព្យាបាលបន្តសរុបទាំងអស់ជាង៣.៧៣៤នាក់។

សូមបញ្ជាក់ថា នេះគឺជាលើកទី២ហើយដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោតេជោ ចុះពិនិត្យព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅខេត្តពោធិសាត់ដែលសកម្មភាពនេះគឺជាការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកម្ពស់សុខមាលភាពប្រជាពលរដ្ឋតាមរយៈការបផ្តល់ជូនសេវាព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅតាមតំបន់ដាច់ស្រយាលក្នុងរាជធានីខេត្តនៅទូទាំងប្រទេសដោយមិនប្រកាន់និន្នាការនយោបាយ សាសនាអ្វីឡើយ៕

photo_2016-10-22_18-41-10photo_2016-10-22_18-41-14photo_2016-10-22_18-41-17photo_2016-10-22_18-41-21photo_2016-10-22_18-41-23photo_2016-10-22_18-41-26photo_2016-10-22_18-41-27photo_2016-10-22_18-41-30photo_2016-10-22_18-41-32

មតិយោបល់